ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖កម្ពុជាមានសហគ្រាសធុនមីក្រូ, តូច និង មធ្យមរហូតដល់ទៅ ៩៨ភាគរយនៃចំនួនសហគ្រាសសរុបដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ៥៨ភាគរយ និងបានផ្តល់ការងារប្រមាណ ៧៣ភាគរយ នៃការងារ សរុប ។ ក្នុងនោះស្ត្រីគឺជាអ្នកបង្កើត និង គ្រប់គ្រងប្រមាណ ៦១ភាគរយនៃចំនួនសរុបនៃសហគ្រាស ធុនមីក្រូ, តូច និង មធ្យម ។

សម្តេចតេជោបានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នារសៀលថ្ងៃទី ១២ ខែ តុលា ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្តេចតេជោមានប្រសាសន៍ថា៖អា ស៊ានគឺជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី ។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ានពឹង ផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ, តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី ។ ជាក់ស្ដែង,កម្ពុជាមានសហគ្រាស ធុនមីក្រូ, តូច និង មធ្យម រហូតដល់ទៅ ៩៨ ភាគរយនៃចំនួនសហ គ្រាសសរុបដែលបានចូលរួមចំណែកដល់សេដ្ឋកិច្ចជាតិប្រមាណ ៥៨ភាគរយ និងបានផ្តល់ការងារប្រមាណ ៧៣ភាគរយនៃការងារសរុប ។ ក្នុងនោះស្ត្រី គឺជាអ្នកបង្កើត និងគ្រប់ គ្រងប្រមាណ ៦១ភាគរយនៃចំនួនសរុបនៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ ការណ៍នេះបានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់ និង ជំរុញការលើកតម្កើងស្រ្តីជាឆ្អឹងខ្នងនៃ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិតាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និង គ្រប់កម្រិត ។

សម្តេចតេជោបានបន្តថាក្នុងក្របខណ្ឌអាស៊ានទាំងបច្ចុប្បន្ននិងទៅអនាគត,ស្ត្រីនឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ឡើងវិញប្រកបដោយចីរភាពបរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ីដែលអំណោយផលដល់ការរីកលូត លាស់របស់សហគ្រិននិងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាន និង កំពុងប្រឈមនឹងឧបសគ្គជា ច្រើនក្នុងការអភិវឌ្ឍនិងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទី ជនបទ ។ ម្យ៉ាងវិញទៀត, ស្ត្រីភាគច្រើន ចាប់ផ្តើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ, កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់និងផ្ដល់ការ គាំទ្រតាមការចាំបាច់ ៕