ដោយៈ ប.ខុន / ភ្នំពេញៈ ទឹកស្ទឹងព្រែកត្នោត ជន់លិចភូមិដ្ឋាន នៅក្នុងសង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ បន្តកើនឡើង ដោយសារទឹកហូរចុះទៅ ទន្លេបាសាក់ មិនបានលឿន មកពីទន្លេនេះ មានទឹកឡើងខ្ពស់ដែរ។

លោក ជា សុខនី នាយករងខុទ្ទកាល័យរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែតុលាថាៈ ទឹកលិច លំនៅដ្ឋាន នៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាទឹកភ្លៀង និងទឹកប្រើប្រាស់ ចេញពីក្រុងតាខ្មៅ និងមួយផ្នែក ជាទឹកស្ទឹងព្រែកត្នោត។ ផ្លូវមួយចំនួន ត្រូវបានលើក ទំនប់បាវខ្សាច់ ដើម្បីទប់ស្កាត់ការលិចលង់។

នាយករងខុទ្ធកាល័យខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅថ្ងៃនេះ ទឹកបានកើនឡើង ថែមទៀត ជាមួយនឹងវិធានការច្រកបាវខ្សាច់ ទប់ទឹកនេះ ក្រសួងក៏បានដាក់ម៉ាស៊ីន បូមទឹកចល័ត ចំនួន៤គ្រឿងទៀត បន្ថែមពីលើម៉ូទ័របូមទឹក នៅស្ថានីយក្របៅ ដាក់ចូលទៅ ប្រឡាយ ៩៤ និងប្រឡាយ ៩៦ ។

លោក ជា សុខនី បានបញ្ជាក់ថាៈ ទឹកស្ទឹងព្រែកត្នោត កើនឡើងនេះ ដោយសារទឹក ហូរចុះទៅទន្លេបាសាក់យឺត បណ្តាលមកពីទឹកទន្លេបាសាក់ ពេលនេះ ក៏ឡើងខ្ពស់។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែតុលាថាៈ ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅក្នុង ខេត្តកំពង់ស្ពឺ ពេលនេះ មិនមានជំនន់ទេ។ ទ្វារអាងទឹកតាសាល ត្រូវបានបិទ តែទ្វារទឹករលាំងជ្រៃ នៅបន្តបើក។ ទឹកស្ទឹងព្រែកត្នោត នៅពាមឃ្លៃ និងនៅទ្វារទឹករលាំងជ្រៃ បានស្រកបន្តិច និងបើស្រកចុះបន្តិចទៀត អាចទម្លាក់ទឹករលាំងជ្រៃចុះវិញហើយ។

ប្រធានមន្ទីរខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ទឹកនៅអាងតាសាល ថ្ងៃនេះ មានកម្ពស់ ១៩,២៣ ម៉ែត្រ ទាបជាងថ្ងៃទី១១ តុលា ០,០៤ ម៉ែត្រ ទ្វារទឹកអាងនេះ ត្រូវបានបិទអស់ ហើយ។ ទឹកស្ទឹងព្រែកត្នោត នៅរលាំងជ្រៃ មានកម្ពស់ ៧,៤៧ ម៉ែត្រ ទាបជាងថ្ងៃទី១១ តុលា ០,២៥ ម៉ែត្រ បើកទ្វារចំនួន៥ ដោយមួយទ្វារកម្ពស់២,៥ម៉ែត្រ ពីរទ្វារដោយមួយទ្វារៗ កម្ពស់២ម៉ែត្រ និងពីរទ្វារទៀត កម្ពស់ ០,៥០ ម៉ែត្រ នៃទ្វារនីមួយៗ ៕ V / N