ដោយៈសុផល/ភ្នំពេញ៖ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងនៅក្នុងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបានលទ្ធផលគួរជាទីមោទនការិយាល័យ កយកា-KOICA នៅកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគនេះបានយ៉ាងល្អ ដូច្នេះហើយទើប កយកា-KOICAសម្រេចចិត្ដធ្វើការបញ្ជូន អ្នកស្ម័គ្រចិត្តជនជាតិកូរ៉េត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ហើយ ជាលទ្ធផលបច្ចុន្បន្ននេះមានអ្នកស្ម័គ្រចិត្តយកា-KOICAចំនួន៣៤រូបកំពុង បំពេញការងារស្ម័គ្រចិត្តរបស់ខ្លួននៅតាមបណ្ដាខេត្ត និងរាជធានីមួយចំនួនដែលមានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង កណ្ដាល តាកែវ ព្រៃវែង កំពត និងរាជធានីភ្នំពេញ លើជំនាញអប់រំភាសាកូរ៉េ អភិវឌ្ឍយុវជន អប់រំកុំព្យូទ័រ គិលានុបដ្ឋាយិកា អប់រំកុមារតូច និងអប់រំតន្រ្ដី។

ការរិយាល័យ កយកា-KOICA នៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េដែលមានវិជ្ជាជីវៈមកកម្ពុជាដើម្បីចែករំលែកនូវបទពិសោធន៍ ចំណេះដឹងនិងជំនាញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៣មក។

គិតមកដល់ខែតុលា ឆ្នាំ ២០២២នេះកយកា-KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្តចំនួន ៨០២នាក់មកកាន់កម្ពុជា។អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនកន្លងមកបានបំពេញការងារជាមួយក្រសួងយ៉ាងតិចចំនួន ២៥ និងស្ថាប័នថ្នាក់ក្រោមជាតិនៅកម្ពុជាទៅលើជំនាញផ្សេងៗគ្នា។

សូមជម្រាបផងដែរថា៖កាលពីពាក់កណ្តាលសប្តាហ៍នេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជាបានរៀបចំការប្រជុំអ្នកស្ម័គ្រចិត្តប្រចាំឆ្នាំ ២០២២របស់ខ្លួនដែលមានរយៈពេលបីថ្ងៃនៅសណ្ឋាគារអានីកភ្នំពេញ។នេះគឺជាការជួបជុំអ្នកស្ម័គ្រចិត្តដំបូងបន្ទាប់ពីការបញ្ជូនអ្នកស្ម័គ្រចិត្តសារជាថ្មីកាលពីខែធ្នូឆ្នាំ២០២១ កន្លងទៅ៕