ដោយៈ សុផល/ភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្ត ប្រភេទនេះឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័នពុល ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយឱ្យកម្ពុជាសម្រេចគោលដៅអព្យាក្រឹត្យកាបូន(Carbon Neutrality)នៅឆ្នាំ២០៥០ ផងដែរ។

នេះជាការលើកឡើងរបស់លោក រីយូជី ហ្វូជីតា (Ryoji Fujita) អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងពេលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ខែតុលា។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះលោកអគ្គនាយក និង សហការី និងបានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានរៀបចំរោងចក្រដំឡើង រថយន្តនៅក្នុងប្រទេសកម្ពុជាដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើត ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យយានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ការគាំទ្រនៅក្នុងការបន្ធូរបន្ថយពន្ធនាំចូល ជាពិសេសករណីរថយន្តប្រភេទHybrid ដែលក្រុមហ៊ុនតូយ៉ូតាបានលើកឡើងខាងលើនេះអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។

គួរបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខសម្រាប់យានយន្តតូយ៉ូតា គ្រឿងបន្លាស់ និងសេវាកម្មទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីការឈានជើងចូលមកដំណើរការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៣ មកទល់សព្វថ្ងៃ ក្រុមហ៊ុនបានបើកដំណើរការសាខាចំនួន០៥ នៅទូទាំងប្រទេសព្រមទាំងបន្តការកែលម្អឥតឈប់ឈរ និងផ្តល់នូវផលិតផល ក៏ដូចជាសេវាកម្មដែលមានគុណភាពល្អ ដល់អតិថិជនទាំងអស់ជាបន្តបន្ទាប់ ហើយតាមតថភាពជាក់ស្តែង រថយន្តដែលទទួលបានការនិយមប្រើប្រាស់ច្រើនជាងគេក្នុងសង្គមកម្ពុជាគឺ រថយន្តម៉ាកតូយ៉ូតា៕/PC