​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ទីភ្នាក់ងារ​អវកាស​ជប៉ុន​បាន​និយាយថា រ៉ុក្កែត​មួយ​ផ្ទុក​ផ្កាយរណប​ចំនួន​៨​បាន​ខូច​ក្រោយ​ការបាញ់​ចេញ​បាន​ប៉ុន្មាន​នាទី​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា​និង​ត្រូវបាន​បញ្ជា​អោយ​​បំផ្លាញ​ខ្លួនឯង​នៅ​កណ្តាល​អាកាស​។​វា​ជា​បរាជ័យ​លើកដំបូង​នៃប្រតិបត្តិ​ការបាញ់​រ៉ុក្កែត​របស់​ជប៉ុន​នៅ​រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ​។​

​រ៉ុក្កែត​អេប​ស៊ី​លុន​-​ស៊ិច​(Epsilon-6)​មិន​បាន​ស្ថិតក្នុង​ទីតាំង​សមស្រប​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ផែនដី​ទេ និង​ការហោះ​របស់​វា​បាន​បរាជ័យ​ក្រោយ​ដំណើរ​មិនបាន​ប្រាំពីរ​នាទី​ផង​ចេញពី​កន្លែង​បាញ់​បង្ហោះ​​នៅ​តំបន់​កាហ្គោ​ស៊ីម៉ា​ភាគខាងត្បូង​ជប៉ុ​ន​ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន។

​ប្រធាន​ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន​លោក ហ៊ី​រ៉ូស៊ី យ៉ាម៉ា​កា​វ៉ា ( Hiroshi Yamakawa)​បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា «​យើង​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​បរាជ័យ​របស់​យើង​…»​។​

​ពួក​មន្ត្រី​ទីភ្នាក់ងារ​បាន​និយាយថា ក្រុមការងារបាន​បញ្ជូន​សញ្ញា​បំផ្លាញ​ខ្លួនឯង​មួយ​ក្រោយ​បាន​សំរេច​ថា​រ៉ុក្កែត​នេះ​មិន​អាច​ហោះ​ដោយ​សុវត្ថិភាព​និង​មិនអាចចូល​ក្នុង​គន្លង​ផែនដី​តាម​ផែនការ​។​រ៉ុក្កែត​និង​ទំនិញ​​របស់​វា​អាច​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នៅខាងកើត​ហ្វីលីពីន​។​

​មូលហេតុ​នៃ​បរាជ័យ​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​។​

​រ៉ុក្កែត​Epsilon-6​ផ្ទុក​ផ្កាយរណប​ចំនួន​៨ ចេញដំណើរ​ពី​មជ្ឈមណ្ឌល​អវកាស​អ៊ូ​ជី​ណូ​អ៊ុ​រ៉ា ក្នុង​ទីប្រជុំជន គី​ម៉ូត​ស៊ី​គិ របស់​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​

​រ៉ុក្កែត​Epsilon-6​ប្រវែង​២៦​ម៉ែត្រ មាន​ទម្ងន់​៩៥,៦​តោន ដំណើរការ​ដោយ​ឥន្ធនៈ​រឹង​។​ក្រោយ​ពី​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​ប្រាំ​លើក​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ​២០១០ រ៉ុក្កែត​Epsilon-6​ត្រូវបាន​រចនា​ឡើង​​សំរាប់​ការបាញ់​បង្ហោះ​តូចៗ​នៅពេល​ទីភ្នាក់ងារ​អវកាស​ជប៉ុន​មាន​បំណង​អភិវឌ្ឍ​អាជីវកម្ម​បាញ់​បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម​។​

​បរាជ័យ​កាលពី​ថ្ងៃ​ពុធ​បានបញ្ចប់​កំណត់ត្រា​ជោគជ័យ​នៃ​ការបាញ់​បង្ហោះ​Epsilon​ជា​បន្តបន្ទាប់​ចាប់តាំងពី​ការបាញ់​បង្ហោះ​Epsilon​ស៊េរី​ដើមដំបូង​នៅ​ឆ្នាំ​២០១៣៕