​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ហក់​ឡើង​លិច​ផ្លូវ និង​ភូមិដ្ឋាន​មួយចំនួន នៅតាម​តំបន់​ទំនាប និង​ផ្លូវទឹក បន្ទាប់ពី​មានការ​បង្ហើប​ទ្វារ​ទឹក​រលាំង​ជ្រៃ តែ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ទេ​ហើយ​ទឹក​នៅ​ភាគ​ខាងលើ​ក្នុង​ខេត្តកំពង់ស្ពឺ​ក៏បាន​ចាប់ផ្តើម​ស្រក​វិញ​ហើយ​ដែរ​។​

​លោកស្រី ជី ថា​វី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២​ថា ទឹកស្ទឹង​ព្រែក​ត្នោត ដែល​បាន​ហក់​ឡើង​លឿន​នៅថ្ងៃនេះ​បានធ្វើឱ្យ​ប៉ះពាល់​ផ្លូវ​ចំនួន ពីរ​ខ្សែ ដោយ​ខ្សែ​ទី​១​ប្រវែង​៦.៥០០​ម៉ែត្រ ស្ថិតនៅ​ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង និង​មួយ​ខ្សែ​ទៀត ប្រវែង​៨.១០០​ម ស្ថិត​ឃុំ​ព្រែក​គយ ឃុំ​ទឹក​វិល និង​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​លោកស្រី​ប្រធាន​មន្ទីរ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា នៅ​ភូមិ​ព្រែក​រាំង​១ និង​ភូមិ​អាច​កុក សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏មាន​ការលិចលង់​ដោយ​ទឹកភ្លៀង និង​ទឹកស្ទឹង​ព្រែក​ត្នោត​ដែរ​។​

​លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១២ ខែតុលា​ថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​នៅក្នុង ខេត្តកំពង់ស្ពឺ​ពេលនេះ​មិនមាន​ជំនន់​ទេ​។ ទ្វារ​អាងទឹក​តា​សាល​ត្រូវបាន​បិទ តែ​ទ្វារ​ទឹក​រលាំង​ជ្រៃ​នៅ​បន្ត​បើក​។ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ពាម​ឃ្លៃ និង​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​បាន​ស្រក​បន្តិច និង​បើ​ស្រក​ចុះ​បន្តិចទៀត អាច​ទម្លាក់​ទឹក​រលាំង​ជ្រៃ​ចុះ​វិញ​ហើយ​។​

​ប្រធាន​មន្ទីរ​ខាងលើ​បាន​និយាយ​ឱ្យដឹងទៀតថា​ទឹក​នៅ​អាង​តា​សាល​ថ្ងៃនេះ​មាន​កម្ពស់​១៩,២៣​ម៉ែត្រ​ទាប​ជាង​ថ្ងៃទី​១១ តុលា ០,០៤​ម៉ែត្រ ទ្វារ​ទឹក​អាង​នេះ​ត្រូវបាន បិទ​អស់ហើយ​។ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​រលាំង​ជ្រៃ​មាន​កម្ពស់​៧,៤៧​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១១ តុលា ០,២៥​ម៉ែត្រ បើកទ្វារ​ចំនួន​៥ ដោយ​មួយ​ទ្វារ​កម្ពស់ ២,៥​ម៉ែត្រ ពីរ​ទ្វារ​ដោយ​មួយ​ទ្វារៗ​កម្ពស់​២​ម៉ែត្រ និង​ពីរ​ទ្វារ​ទៀត​កម្ពស់​០,៥០​ម៉ែត្រ​នៃ​ទ្វារ​នីមួយៗ​៕​