ដោយៈសុផល/ភ្នំពេញ៖ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ពីម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង២៤: ០០នាទីយប់) មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។នេះបើយោងតាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន។

ក្រសួងសាធារណការ បានឱ្យដឹងទៀតថា៖ក្នុងចំណោមយានយន្តចំនួន ១២៥.៩៩៨គ្រឿង ដែលបានចរាចរណ៍រយៈពេល១០ថ្ងៃកន្លងមកនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៣៧៨ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើក បរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕/PC