ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រថពាសដែក​បាស​ម៉ា​ស្ទឺ​( Bushmaster)​លំដាប់ថ្នាក់​ពិភពលោក​របស់​អូស្ត្រាលី កំពុង​បង្ហាញថា​វា​ជា​ការបន្ថែម​ដ៏​មាន​តម្លៃ​សម្រាប់​កងកម្លាំង​ការពារ​របស់​​អ៊ុយ​ក្រែន​ខណៈ​ប្រទេស​នេះ​កំពុង​ទប់ទល់​នឹង​ការឈ្លានពាន​ដ៏​បង្ហូរឈាម និង​ឥត​ស្រាកស្រាន្ត​របស់​រុស្ស៊ី​។​

​រថពាសដែក​ធុន​ធ្ងន់​ដែល​ផលិត​នៅ​ទីក្រុង​បិ​ន​ឌី​ហ្គោ (Bendigo)​រដ្ឋ​វី​កថរ​រៀ (Victoria) រួម​ជាមួយ​បងប្អូន​ជីដូនមួយ​តូច​របស់​វា គឺ រថពាសដែក​ហក​គី​(Hawkei)​កំពុង​ត្រូវបាន​ដាក់​​ពង្រាយ​នៅ​សមរភូមិ​ជួរ​មុខ​តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងត្បូង​និង​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុ​យក្រែន​។​

​ទើបតែ​សប្តាហ៍​នេះ រូបថត​មួយ​សន្លឹក ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម VK របស់​រុស្ស៊ី បានបង្ហាញ សំបក​ឆេះ​អស់​របស់​រថពាសដែក Bushmaster ពីរ​គ្រឿង ដែល​អូស​ចេញពី​សមរភូមិ​នៅ​តែ​រក្សា​រូបរាង​​ល្អ​បាន​ភាគច្រើន ដោយសារ​ការបំពាក់​ពាស​ដែក​ក្រាស់ឃ្មឹគ​របស់​វា​។​

​ចំណងជើង​រូបថត​សរសេរថា “​រថពាសដែក Bushmaster PMV ខ្ទេច​អស់​របស់​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយ​ក្រែន​នៅក្នុង​តំបន់ខា​គីវ​។ រថ​ពាស​ដែល​ទាំងនេះ​ត្រូវបាន​ផ្គត់ផ្គង់​ដល់​កងកម្លាំង​អ៊ុ​យក្រែន ពី​អូស្ត្រាលី​”​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ វិស័យ​ការពារ​ជាតិ​អ៊ុយ​ក្រែន​បាន​វាយ​ដណ្តើម​យក​មក​វិញនូ​វ​ទឹកដី​ប្រហែល ៩.៥៨២ គីឡូម៉ែត្រ​ក្រឡា​ដែល​ភាគច្រើន​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​នៃ​ទីក្រុង​ធំជាងគេ​ទី​​ពីរ​របស់​ខ្លួន គឺ​ខា​គី​វ (Kharkiv) ។​

​ការវាយលុក​របស់​អ៊ុយ​ក្រែន​ដែល​មាន​ការរៀបចំបា​ន​យ៉ាង​ល្អ​បំផុត បានបង្ហាញ “​ប្រតិបត្តិការ​សព្វាវុធ​រួមបញ្ចូល​គ្នា​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ការច្នៃប្រឌិត​ខាង​យោធា ការប្រមូល​ព័ត៌មាន​សម្ងាត់​និង​យុទ្ធ​​សាស្ត្រ​បដិសេធ​និង​បោក​បញ្ឆោត​” នេះ​បើ​យោងតាម​របាយការណ៍រ​បស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​របស់​សហរដ្ឋអាម៉េរិក​នាពេ​ល​ថ្មីៗ​នេះ​។​

​របាយការណ៍​បាន​បន្តថា កងទ័ព​រុស្ស៊ី​បន្ត​ជួប​ការលំបាក​ជាមួយនឹង “​ការបាក់​ស្មារតី ការធ្វើ​ប្រតិបត្តិ​អាវុធ​រួមបញ្ចូល​គ្នា អំពើពុករលួយ និង​អសមត្ថភាព​ក្នុង​ការសម្រេចបាន​ឧត្តមភាព​ខាង​ផ្លូវអាកាស​”​។​

​រថពាសដែក Bushmaster គឺជា​ឧបករណ៍​ដ៏​សំខាន់​មួយ ដែល​ទាហាន​អ៊ុយ​ក្រែន​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទឹកដី​ជុំវិញ​ទីក្រុង​ខា​គី​វ​មកវិញ​។​

​កាលពី​ខែ​មុន ទាហាន​អ៊ុយ​ក្រែន​មួយក្រុម​ដែល​មាន​គ្នា​ប្រាំមួយ​នាក់​បាន​បង្ហាញខ្លួន​នៅលើ​បណ្តាញ​សង្គម ដោយ​ឈរ​នៅ​ពីមុខ​រថពាសដែក Bushmaster​ពន្យល់​ពី​របៀប​ដែល​រថពាសដែក​នេះ​បាន​ជួយ​​ដល់​ការ​វាយបក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​របស់​ពួកគេ​។​

​ក្រសួងការពារជាតិ​អ៊ុយ​ក្រែន​បានសរសេរនៅ​លើ Twitter ថា “​រថពាសដែក Bushmaster ជា​ពស់​ពិ​សអា​ម៉ា​ហ្សូ​ន ដែល​ទាហាន​របស់​យើង បាន​ចឹក​សត្រូវ​ដោយ​មិន​នឹកស្មាន​ដល់​បណ្តាលឱ្យ​ឈឺ​​ចាប់​និង​ស្លាប់​។ សូម​អរគុណ​ដល់​ជំនាញការ​ជនជាតិ​អូស្ត្រាលី​របស់​យើង​សម្រាប់​ការណែនាំ​របៀប​ប្រើ​វា​”​។​

​ទាហាន​និយាយ​ភាសា​អង់គ្លេស​ម្នាក់​បាន​ពន្យល់​ថា កងទ័ពអាកាស​អ៊ុយ​ក្រែន​បាន​ប្រើ “​រថពាសដែក​នេះ​ដើម្បី​ទៅ​ដល់​តំបន់​ប្រតិបត្តិការ​ខាងមុខ​”​។​

“​យើង​មាន​អំណរគុណ​ចំពោះ​ប្រជាជន​និង​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី​សម្រាប់​ការផ្តល់​របស់​ទាំងនេះ​ដល់​យើង​។ ពួក​វា​គឺជា​ទ្រព្យសកម្ម​ដ៏​អស្ចារ្យ​សម្រាប់​ពួក​យើង​ក្នុង​ការរំដោះ​តំបន់​ជុំវិញ​ទីក្រុង​ខា​គី​វ​។ យើង​រួម​គ្នា​ឆ្ពោះទៅ​រក​ជ័យជម្នះ​”៕

រថពាសដែក Bushmaster ជា​ទ្រព្យ​ដ៏​មាន​តម្លៃ ដែល​ជួយ​ទាហាន​អ៊ុយ​ក្រែន​វា​យ​ដណ្តើម​ទឹកដី​របស់​ខ្លួន​ពី​រុស្ស៊ី​វិញ​