ខេត្តស្វាយរៀង ជា​ខេត្ត​ទី​ប្រាំមួយ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​

1270
ចែករម្លែក

ដោយ : ពៅ និមល / ភ្នំពេញ : គិត​មកដល់ពេលនេះ នៅ​កម្ពុជា​បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ស៊ីអូ (CO) និង​ទម្រង់ ឌី (D) បាន​ចំនួន​០៦​ខេត្តហើយ រួមមាន​៖ ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ខេត្តរតនគិរី និង​ខេត្តស្វាយរៀង​ដែល​ទើប​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្តស្វាយរៀង​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​ថា ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​នៅក្នុង​ខេត្តស្វាយរៀង​នេះ គឺជា​ភស្តុតាង​ថ្មី​ដែល​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រឹងមាំ​រប​ស់​ក្រសួង ហើយ​ក្រសួង​នឹង​បន្ត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ស៊ីអូ ទម្រង់​ផ្សេងៗ​ទៀត​នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បានស្នើ​ដល់​មន្ត្រី​ប្រចាំការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ ខិតខំ​ពង្រឹងសមត្ថភាព​ជំនាញ និង​ភាសាបរទេស តាមរយៈ​ការចូលរួម​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​របស់​ក្រសួង និង​ការសិក្សា​ដោយ​ខ្លួនឯង​។ លើសពីនេះ ត្រូវ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​របស់​ក្រសួង​។ ទន្ទឹមគ្នានេះ លោក​ក៏បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន ( ផលិតករ និង​ពាណិជ្ជករ​) មក​ទទួលយក​សេវា​ចេញ ស៊ីអូ ទម្រង់​ឌី ក្នុង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បី សន្សំ​ពេលវេលា និង​កាត់បន្ថយ​ចំណាយ ក្នុងការ​នាំចេញ​ទំនិញ និង​ផលិតផល​ទៅ​បរទេស​។​

​សូមបញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០១៥ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ការចេញ​សេវាណ ស៊ីអូ ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​។ ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្មនេះ បាន​ត​ភ្ជាប់​ដោយ​ជោគជ័យ​ទៅនឹង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ (Cambodian National Single Window-CNSW) និង​កំពុងត​ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន (ASEAN Single Window-ASW) ដែល​ត្រូវ​អនុវត្តន៍​នៅ​ចុងឆ្នាំ​២០១៨​នេះ ដើម្បី​បញ្ជូន​ទិន្នន័យបឋម​ស្តីពី ស៊ីអូ ទម្រង់​ឌី ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន និង​ស៊ីអូ ទម្រង់​ផ្សេងៗ​ទៀត​ទៅកាន់​ប្រទេស​ជា​ដៃគូ​អាស៊ាន ស្របតាម​កិច្ចព្រមព្រៀង​ស្តីពី​ភាពអនុគ្រោះ​ពាណិជ្ជកម្ម ដែល​កម្ពុជា​ទទួលបាន​ពី​ប្រទេស​ទាំងអស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម