ដោយ​៖ បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ លោក​ហុង មា​នុ​ណ ស្វាមី អ្នកនាង ម៉ូ​លីកា តារា​សម្ដែង​បាន​ស្រក់​ទឹកភ្នែក​ព្រមទាំង​សំពះ​អោប​ភរិយា​លោក​នៅពេលដែល​ឃើញ​រថយន្ដ​ទំនើប​ម៉ាក Ferrari-488TB ពណ៌​ក្រហម ដែលមាន​តម្លៃ​៣៥​ម៉ឺន​ដុល្លារ​ត្រូវបាន​រថយន្ដ ខាង​ក្រុមហ៊ុន​បាន​ដឹក​មកដល់​ផ្ទះ​វីឡា​របស់​ពួកគេ​នៅ​បុរី​វា​រី​ណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១ ខែតុលា ថែមទាំង​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម​។

​ម៉ូ​លីកា តែងតែ​បំពេញ បំណង ស្វាមី ជា​បន្ដបន្ទាប់​ក្រោយ​ពួកគេ​ចាប់ដៃគ្នា​ជាង​ពីរ​ឆ្នាំ​មកនេះ ដោយបាន​ផ្លាស់ប្ដូរ​ជីវភាព​ពី​រស់នៅ​ផ្ទះជួល​មក​មានផ្ទះ​វីឡា​ផ្ទាល់ខ្លួន​ដល់​ទៅ​ពីរ​ផ្សេងគ្នា និង​ទិញ​បាន​រថយន្ដ​ប្រណិតៗ​ជិះ​ជា​បន្ដបន្ទាប់ ដូចជា​មុន​ទិញ Ferrari-488TB នេះ អ្នក​ទាំងពីរ​ទើប​ទិញ​រថយន្ដ​ទំនើប​ម៉ាក Escalate ដែលមាន​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ និង​រថយន្ដ​ដែលមាន​ស្រាប់​ដូចជា Ford Raptor, Jaguar និង Range Rover ជាដើម​។​

​ម៉ូ​លីកា បាន​និយាយ​យ៉ាងខ្លី​តប​សំណួរ​របស់​អ្នកយក​ព័ត​មាន​យើង​ឆាត​ហ្វេ​ស​បុក ដោយ​ប្រាប់ថា​មូល​ហេតុដែល​ស្វាមី​នាង​ស្រក់​ទឹកភ្នែក​នោះ ព្រោះ​លោក​មិនដឹងថា​នាង​ពិតជា​បាន​ទិញ​រថយន្ដ​នោះទេ ទើប​ប្ដី​នាង​រំភើប​រហូត ទប់​អារម្មណ៍​មិនបាន​បែបនេះ​។​

​ដោយឡែក​មហាជន និង​អ្នកលេង​បណ្ដាញ​សង្គម​បាន​សរសើរ​ម៉ូ​លីកា ចេះ​តស៊ូ និង​ភាព​ប៉ិនប្រសប់​របស់​នាង ជានា​រី ឆ្លាត​វៃ ចេះ​ទុកដាក់​លុយកាក់ និង​កែ ប្រែ​ពី​ការរកស៊ី​តូចតាច ដែល​ដំបូង​ឡើយ​ពួកគេ​ទាំងពីរ​ជា​សង្សារ​នឹង​គ្នា​ផ្ដើម​ពី​ដើមទុន​ត្រឹមតែ​ទឹកប្រាក់ ចំនួន ៣០០​ដុល្លារ​ប៉ុណ្ណោះ រកស៊ី​លក់​ជ្រក់​ជើងមាន់​តាម Online តែ​ពេលនេះ​ពួកគេ​សល់​លុយ រាប់ សែន​ដុល្លារ ហើយ​មុខ​ជំនួញ របស់​នាង​កាន់តែ​រីក​ធំ​ក្រោយ​ថៅកែ​ស្រី​ក្រុមហ៊ុន​អិន​ខេ ម៉ូ​លីកា ប៊ី​យូ​ធី ត្រេ​ឌី​ង ឯ​.​ក (Nk Molika Beauty Trending Co.Ltd) រូបនេះ​បាន​ចុះ MOU ជាមួយ ក្រុមហ៊ុន​មេធាវី អេ​ជ អេ​ន អេស (HNS law Group) ដើម្បី​បង្កើន​នូវ​ជំនឿ​ចិត្ត​កាន់តែ​ខ្ពស់​ដល់ អតិថិជន ទាំងឡាយ​របស់​នាង​៕​