ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ពិសេសគឺ សប្បុរសជន បានឧបត្ថម្ភម្ហូបអាហារ សម្ភារៈដល់កុមារកំព្រា ចំនួន ១១៥ នាក់ មកពីមណ្ឌលកុមារកំព្រា សង្គ្រោះជនអស់សង្ឃឹមទី២ ភូមិ-ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ក្រោយជម្លៀសពីទឹកជំនន់ ទៅស្នាក់នៅផ្សារបូរីជ័យ ភូមិចម្ការតាដោក ក្នុងឃុំដដែល។

នៅព្រឹកថ្ងៃទី១២ ខែតុលា អ្នកឧបត្ថម្ភបានជូនអាហារសម្រន់ពេលព្រឹក ដល់កូនៗ សម្រាប់ហូបចុកភ្លាមៗ និងគ្រឿងឧបភោគបរិភោគ បម្រុងមួយចំនួន នៅទីដែលស្នាក់នៅ ទួលសុវត្ថិភាពផ្សារបូរីជ័យ២ ចំការតាដោក របស់លោក ឧកញ៉ា អុឹង វណ្ណម៉ៅ ។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី , លោក ពិន សេងហាប់ អភិបាលរង លោក អ៊ូ សុភាព អភិបាលរង លោក មិន នីមល នាយករដ្ឋបាលស្រុក និងក្រុមការងារស្រុក ឃុំ ភូមិ គ្រូពេទ្យ បានចែកអាហារសម្រន់ ជូនដល់កូនៗ ១១៥ នាក់ និងគ្រឿងឧបភោគបរិភោគ
រួមមាន អង្ករ ៤ការុង ស្មើនឹង ១០០ គីឡូក្រាម មីជាតិ៤កេះ ទឹកត្រី៤យួរ ទឹកសុីអុីវ៤យួរ ទឹកដោះគោខាប់ ១៥កំប៉ុង និងនំប៉័ង ១៣០ ដើម ។

លោកអភិបាលស្រុក បាននិយាយថាៈ នេះជាការជួយសង្គ្រោះបន្ទាន់ពីទឹកជំនន់ និងផ្តល់ម្ហូបអាហារបឋម ។ សង្ឃឹមថា នឹងមានសប្បុរសជនផ្សេងទៀត ជួយក្មួយៗ ចៅៗ ។

សូមរំលឹកថា កាលពីវេលាម៉ោង ៥ៈ៣០ នាទី ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានចាត់តាំង និងដាក់បទបញ្ជាដល់ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាល ក្រោមឱវាទជាច្រើននាក់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះជួយជម្លៀសកុមារកំព្រា ប្រុស-ស្រី ចេញពីមណ្ឌលកុមារកំព្រា នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កំពុងត្រូវបានរងការជន់លិច ដោយទឹកជំនន់ ។ ពោលគឺ កុមារទាំងនោះ មិនអាចស្នាក់នៅបាន ត្រូវតែជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ។

យោងរបាយការណ៍ របស់អធិការដ្ឋាននគរបាល ស្រុកមង្គលបុរី បានឲ្យដឹងថាៈ កុមារកំព្រា ប្រុស-ស្រី ចំនួន ១១៥ នាក់ និងបុគ្គលិកមជ្ឈមណ្ឌល ១៧ នាក់ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាពភ្លាមៗ បន្ទាប់ពីត្រូវទឹកជំនន់ វាយប្រហារយ៉ាងគំហុក ក្នុងបរិវេណមណ្ឌល។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ និងបង្កលក្ខណៈងាយស្រួល ដល់ការរស់នៅរបស់ប្អូនៗ កុមារកំព្រា ។ បច្ចុប្បន្ន កុមារកំព្រាទាំងនោះ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរ បានយកទៅ ឲ្យស្នាក់នៅបណ្តោះអាសន្ន ផ្សារបុរីជ័យ២ (ផ្សារចំការតាដោក) របស់លោក អ៊ឹង វណ្ណម៉ៅ ស្ថិតក្នុងភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕ V / N