​ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ នៅ​ទីស្នាក់ការ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​រំដួល​នា​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២២ ព្រះ​គណ​កោសល មុំ ឡី ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា​ព្រះ​ធម្មធរ​គណ​ខេត្តស្វាយរៀង និង​ជា​ព្រះ​អនុគណ​ស្រុក​រំដួល ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ជ័យ​មុនី ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​វត្ត​ទាំង​៦ ក្នុងស្រុក​រំដួល មាន​ព្រះទ័យ​ចូលរួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា​បាន​យក​បច្ច័យ និង​ទេយ្យទាន​ចំនួន ២៥ មុខ គិត​ជា​ថវិកា​សរុប ៤.៦៤០.០០០ រៀល មក​ប្រគល់ ដល់​អនុសាខា​ស្រុក សម្រាប់​ទុក​បម្រុង​ដើម្បី​ត្រៀម​ឆ្លើយតប​ដល់​ប្រជាបលរដ្ឋ​នៅពេល​មាន​គ្រោះមហន្តរាយ​កើតឡើង នៅក្នុង​ស្រុក ។

​ព្រះ​គណ​កោសល មុំ ឡី បាន​មាន ថេរ​ដីការ​ដោយបាន គាំទ្រ​រាល់​សកម្មភាព មនុស្សធម៌​របស់​សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជា​ក្រោម​ការ ដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ ភាពត្រឹមត្រូវ​នៃ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ ប្រការ​ផ្សេងៗ​ដោយ​មិន​ប្រកាន់​ពី​ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សំបុរ ឬ​និន្នាការ​នយោបាយ​ឡើយ​។

​លោក ហែម ស៊ីណា ប្រធានកិត្តិយស អនុសាខា​ស្រុក បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​ទុក្ខ និង​សេចក្តី​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ លោក ម៉ែន វិបុល ប្រធាន​គណៈ​កម្ម​ធិ​ការ​សាខា​ប្រគេន​ចំពោះ​ព្រះ​តេជគុណ​គ្រប់​ព្រះអង្គ ដែលជា​និច្ច​ជា​កាល ព្រះអង្គ​តែងតែ​ផ្សារភ្ជាប់​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​សាខា អនុសាខា ក្នុងការ​រួមចំណែក​ជួយ​រំលែក​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ។

​លោក ហែម ស៊ីណា បាន​សន្យាថា​អំណោយ​ទាំងអស់នេះ អនុសាខា​នឹងធ្វើ​ការបែងចែក​ជូន​ដល់ដៃ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​គ្រប់ៗ​គ្នា ឲ្យ​បាន​ទាន់ពេលវេលា​ឲ្យ​សមស្រប​ទៅនឹង​ព្រះទ័យ​របស់​ព្រះ​អង្គជា​ម្ចាស់​ទេយ្យទាន​៕​