​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ទឹកជំនន់ ឡើង​លិច​ទីធ្លា​ផ្សារ​មង្គល​បូរី និង​ផ្នែក​ខ្លះ​នៃ ទីរួមស្រុក​មង្គល​បូរី តាំងពី​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ ហើយ​មកទល់​រសៀល ថ្ងៃទី​១២ ខែតុលា នេះ ក៏​មិនទាន់​ស្រក​នៅឡើយ​។ ទោះយ៉ាងណា ផ្សារ​នេះ នៅ​ដំណើរការ លក់ដូរ​ធម្មតា ។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បានឱ្យដឹង​ថ្ងៃទី​១២ ខែតុលា​ថាៈ ” ស្ថានភាព​ទឹកជំនន់ នៅ​ផ្សារ​មង្គល​បូរី បាន​លិច​ទីធ្លា ពី​ម្សិលមិញ​មក តែ​វា​មិន​ធ្ងន់ធ្ងរ​ទេ ហេតុនេះ បងប្អូន​នៅ​បន្ត​លក់ដូរ​បាន គ្រាន់តែ​ប្រុងប្រយ័ត្ន​តែប៉ុណ្ណោះ ” ។​

​សូម​បញ្ចា​ក់ថា ស្ថានភាព​ទឺ​ក​ជំនន់​ដងស្ទឹង​មង្គល​បូរី មកទល់ពេលនេះ បាន​ស្រក​នៅ​ផ្នែក ខាងលើ ហើយ​ស្រុតចុះ មក​ផ្នែក​កណ្តាល និង​ខាងចុង ។ ក្នុងនោះ បាន​បង្ក​លិចលង់ ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន​ពលរដ្ឋ នៅ​ផ្នែក​ខ្លះ​នៃ​ទីរួមស្រុក ក្នុង​ឃុំ​ឫស្សី​ក្រោក ។​

​ដោយឡែក ក៏មាន​លិច​នៅ​ផ្នែក​ខ្លះ នៃ​ឃុំ​បត់​ត្រង់ ឃុំ​គយ​ម៉ែង ហើយ​នាំឱ្យ​ពលរដ្ឋ ដែល​ជម្លៀស ពី​ទឹកជំនន់​ក្នុងស្រុក​នេះ បាន​កើន​ពី​ជាង ៥០ គ្រួសារ ឡើងដល់​ជាង ១០០ គ្រួសារ ៕/V​

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរ កងកម្លាំងពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខពលរដ្ឋនៅផ្សារមង្គលបូរី (រូប:ភ្នំស្វាយ )