ដោយៈ ប.ខុន / ភ្នំពេញៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រៀបចំដាំដើមកោងកាង ចំនួន ២.០០០ ដើមទៀត នៅលើផ្ទៃដីរិចរិល ចំនួនពីរហិកតា   បន្ទាប់ពីដាំបានចំនួន ជាងបីម៉ឺនដើម ចាប់ពីដើមឆ្នាំ២០២២ មកដល់ពេលនេះ ក្រោមការជួយឧបត្ថម្ភពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក នេន  ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថាៈ ដើមកោងកាងដែលត្រូវដាំ នៅថ្ងៃទី១៣ ខែតុលា ស្អែកនេះ មានចំនួន ២.០០០ ដើម ដាំលើផ្ទៃដីរិចរិលចំនួនពីរហិកតា នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ ក្រោមការឧបត្ថម្ភជាបន្តបន្ទាប់របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាប់ពីដើមឆ្នាំ២០២២ រហូតមកដល់ពេលនេះ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដាំដើមកោងកាងលើផ្ទៃដី ដែលគេកាប់បំផ្លាញ បានចំនួនជាង បីម៉ឺនដើមហើយ។

លោក នេន ចំរើន បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីពេលកន្លងទៅថាៈ ផ្ទៃដីព្រៃកោងកាង ដែលបានធ្វើជំរឿនដោយរដ្ឋបាលជលផល នៅក្នុងឆ្នាំ២០១០ មានចំនួន ៩.៣២៥ ហិកតា តែបច្ចុប្បន្ន អាចនៅសល់តិចជាងនេះ ដោយសារការកាប់ទន្ទ្រានខុសច្បាប់ តែមន្ទីរក៏បានដាំ ឡើងវិញ ជាបន្តបន្ទាប់ តាមការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅ កន្លែងណាដែលគេកាប់បំផ្លាញ ហើយបានរឹបអូសត្រឡប់មកវិញ ។ ការដាំព្រៃកោងកាង បានធ្វើរាល់ឆ្នាំនៅតំបន់រិចរិល ដោយមានកិច្ចសហការ ពីប្រជាពលរដ្ឋ និងសហគមន៍ នៅតាមមូលដ្ឋាន ។ នៅក្នុងឆ្នាំ២០២១ មន្ទីរបានបណ្តុះកូនកោងកាង បានចំនួន ៧.៥០០ ដើម និងដាក់ដាំបានចំនួន ៣.៥០០ ដើម ៕ V / N