ដោយៈវ៉ៃកូ / ស្វាយរៀងៈ លោក ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង​អមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០២២ នេះ បានអញ្ជេីញពិនិត្យការរៀបចំសោភ័ណភាព ច្រាំងទន្លេវ៉ៃគោ​ និងទីតាំងនានាក្នុងក្រុងស្វាយរៀង សម្រាប់ត្រៀមអបអរសាទរ ពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ​  ក្នុងនោះ លោកអភិបាលខេត្ត បានពិនិត្យទីតាំងតម្លេីងស្លាក ” បេះដូងស្វាយរៀង ” ឲ្យបានមុនពិធីប្រណាំងទូកក្នុងខេត្ត ចូលមកដល់នៅថ្ងៃទី ២៩-៣០​ ខែតុលា ឆ្នាំ២០២២ ​ខាងមុខនេះ ក៏ដូចជាកន្លែងថតរូបអនុស្សាវរីយ​សម្រាប់បងប្អូន ប្រជាពលរដ្ឋ មកលេងកម្សាន្ត។

សូមបញ្ជាក់ផងដែរថាៈ ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបមានអ្វីៗ ដូចសព្វថ្ងៃនេះ ហើយជាក់ស្តែង ខេត្តស្វាយរៀង ក៏បានកែប្រែមុខមាត់ លើកកម្ពស់ ការអភិវឌ្ឍ លើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នកវិនិយោគ មកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេស ក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពិសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កម្សាន្ត។ ការរៀបចំក្រាលម៉ាប រៀបចំប្រព័ន្ធទឹក បំពាក់ខ្សែបណ្តាញ និងបង្គោលភ្លើងបំភ្លឺពេលរាត្រី សួនច្បារ ព្រមទាំងកន្លែង បំពាក់សម្ភារហាត់ប្រាណ ដែលសម្រេចបាន ​១០០% រួចហេីយ​ ក្នុងនោះនឹងបន្តធ្វើច្រាំង ប៉ែកខាងជើង ដល់គល់ស្ពាន ដើម្បីឱ្យត្រូវនឹងកំណើនប្រជាពលរដ្ឋ ពេលបច្ចុប្បន្ន និងទៅអនាគតដែលមកលេងកម្សាន្តនៅទីនេះ។

សូមជម្រាបជូនថា ទោះបីជំងឺកូវីដ-១៩ បានរីករាលដាលជាសកល  តែខេត្តស្វាយរៀង នៅតែបន្តការងារអភិវឌ្ឍន៍ គួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះ រោងចក្រជាច្រើន បានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់រថយន្ត ខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិត នៅតំបន់សេដ្ឋកិច្ចពិសេស ទាំងខេត្តស្វាយរៀងផងដែរ ។

ខេត្តស្វាយរៀង ក្នុងអាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល លោកបានយកចិត្តទុកដាក់ កសាងនូវសមិទ្ធផលធំៗជាច្រើន នៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ​ក្រោមម្លប់សន្តិភាព ជាក់ស្តែង ច្រាំងទន្លេវ៉ៃគោនេះ បានចូលរួមលើកកម្ពស់សោភ័ណភាពក្នុងក្រុង​ឲ្យកាន់តែមានភាពស្រស់បំព្រង និងបានចូលរួមចំណែក ក្នុងការលើកកម្ពស់សុខមាលភាពសង្គម ក៏ដូចជា ផ្ដល់នូវទីតាំងសមស្រប សម្រាប់ការទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ និងហាត់កីឡារបស់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ប្រកបដោយមោទនភាព៕ V / N