ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ បាន​ថ្លែង នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល ស្ត្រី​អាស៊ាន​លើក​ទី​២ នា​រសៀល​ថ្ងៃទី​១២ ខែតុលា​នេះ បានលើកឡើង​ថាៈ ការទទួលស្គាល់​ភាពចាំបាច់ នៃ​ការពង្រឹង​សហគ្រិនភាព និង​ភាព​អង់អាច ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី គឺជា​ការបោះ​ជំហាន​ទៅមុខ យ៉ាងសំខាន់ ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ «​ការទទួលស្គាល់​ភាពចាំបាច់ នៃ​ការពង្រឹង​សហគ្រិនភាព និង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី គឺជា​ការបោះ​ជំហាន ទៅមុខ​យ៉ាងសំខាន់ ។ ក្នុង​ស្មារតី​នេះ​,​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស និង​មាន​កម្លាំងចិត្ត ប្រកបដោយ​សុទិដ្ឋិនិយម ដោយបាន​សង្កេតឃើញ ថា​យើង​មាន​ទស្សនៈវិស័យ​ដូចគ្នា និង​មាន​ជំហរ​រួមគ្នា ក្នុង​ការបន្ត​លើកកម្ពស់​សមភាព​យេនឌ័រ​, ការផ្តល់​សិទ្ធិអំណាច និង ការគាំទ្រ​ដល់​ស្ត្រី ដែលជា​គុណ​តម្លៃ ដ៏​វិសេសវិសាល សម្រាប់​ការអភិវឌ្ឍ​សហគមន៍ អាស៊ាន​ទាំងមូល ជាពិសេស ក្នុង​បរិការណ៍ នៃ​ការស្ដារ​សេដ្ឋកិច្ច ក្នុង​តំបន់​ឡើងវិញ ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង​ភាពរឹងមាំ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

​សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​ឯកឧត្តម​, លោកជំទាវ ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃគូ ដែល​បាន​ថ្លែង​បទ​អន្តរាគមន៍ និង​សុន្ទរកថា ដ៏​មាន​អត្ថន័យ ដែល​បាន​ឆ្លុះបញ្ចាំង អំពី​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ដ៏​មុតមាំ ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​ជាមួយគ្នា ក្នុងការ​បំ​ផុ ស​សហគ្រិនភាព​របស់​ស្ត្រី នៅក្នុង​អាស៊ាន ស្របតាម​ប្រធានបទ​របស់​យើង ក្នុងថ្ងៃនេះ ។​

​កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី ២ ក្រោម​ប្រធានបទ “​ការកសាង​អនាគត​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ទ និង​កាន់តែ​រឹងមាំ​៖ បំផុស​សហគ្រិនភាពរ​បស់​ស្ត្រី នៅក្នុង​អាស៊ាន​» ៕/V​