ដោយ: ពៅនិមល / ភ្នំពេញ៖  អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលា ផ្សព្វផ្សាយ «ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់»។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ១០០ រូប នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា។

នៅក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា លោក ងួន ម៉េងតិច បានណែនាំឱ្យអង្គសិក្ខា សាលាទាំងមូល សូមយកចិត្តទុកដាក់ស្តាប់ នូវមាត្រាសំខាន់ៗនៃច្បាប់ ដែលអត្ថាធិប្បាយ ដោយវាគ្មិនអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. ។ ច្បាប់នេះ ប្រៀបបានដូចជារបងដ៏រឹងមាំ មួយផងដែរ ដែលអាចជួយឱ្យអ្នកកំពុងប្រកបរបរទទួលទានដោយស្មោះត្រង់ និងសុចរិត ទទួលបាននូវការគាំពារ ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជា អគ្គនាយកដ្ឋាន ក.ប.ប ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដោយមិនមានភាពភ័យខ្លាច និងឈ្នះនូវគូប្រកួតប្រជែង ដែលមិនស្មោះត្រង់ណាមួយ ព្រមទាំងស្នើឱ្យសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ទាំងអស់ លើកជាមតិយោបល់ ចោទជាសំណួរ ដើម្បីរួមគ្នាពិភាក្សា និងដោះស្រាយឱ្យ បានច្រើន។

ជាមួយគ្នានេះ លោកក៏បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្រ្តីស៊ើបអង្កេតរបស់ អគ្គនាយកដ្ឋាន ក.ប.ប. ខិតខំបំពេញភារកិច្ច និងណែនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មទាំងអស់ រួមគ្នាអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវ ចៀសវាងរងការពិន័យនានា ពីមន្ត្រីអនុវត្តច្បាប់ ដែលនាំឱ្យខាតបង់ផលប្រយោជន៍។

លោក ផាន អូន បានបញ្ជាក់ជូនអង្គប្រជុំថាៈ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ ចៀសវាងអនុវត្តខុស ជាយថាហេតុ ដោយធុរជន សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជន។
លោកបានបន្តថាៈ នេះជាសិក្ខាសាលាលើកទី១៨ហើយ ដែលអគ្គនាយកដ្ឋាន ក.ប.ប. បានសហការរៀបចំជាមួយ សភាពាណិជ្ជកម្មកម្ពុជា។ ជារួម ច្បាប់ទាំងនេះ ត្រូវបានផ្សព្វផ្សាយ ដល់ធុរជនទូទាំងប្រទេស រួចមកហើយ ប៉ុន្តែយើងនៅតែបន្តផ្សព្វផ្សាយ ច្បាប់ទាំងនេះបន្ថែមទៀត ជាពិសេសនៅរាជធានីភ្នំពេញ ដែលមានសកម្មភាពធុរកិច្ចច្រើន និងកំពុងតែកើនឡើង។

លោកបានលើកឡើងថាៈ សិក្ខាសាលានេះ គឺជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណង ជំរុញលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវ បទពិសោធន៍ល្អៗ ទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើង ពាក់ព័ន្ធដល់ការអនុវត្តច្បាប់ ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ កន្លងមក។ កិច្ចការប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ គឺមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ជាក់ស្តែង នៅពេលដែលធុរកិច្ច បានធ្វើសកម្មភាព កេងបន្លំ អ្នកប្រើប្រាស់នោះ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវយកមកអនុវត្ត ហើយ នៅពេលដែលធុរជនបង្កើតនូវការព្រមព្រៀង ឃុបឃិតគ្នា កំណត់ថ្លៃសម្រាប់លក់ឱ្យអតិថិជន គឺសកម្មភាពនេះ ស្ថិតក្រោមវិសាលភាព នៃច្បាប់ស្តីពីការប្រកួតប្រជែង ដែលសំដៅដល់ ការលើកកម្ពស់ឱ្យប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់។

លោកបានបន្ថែមថាៈ ក្នុងនាមជាសេនាធិការ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» អគ្គនាយកដ្ឋាន ក.ប.ប. ទទួលបន្ទុកអនុវត្តច្បាប់ទាំងពីរ ខាងលើនេះ។ ទន្ទឹមនឹងការអនុវត្តច្បាប់ទាំងពីរនេះ អគ្គនាយកដ្ឋាន ក.ប.ប. ក៏ផ្តោតសំខាន់លើការបញ្ជ្រាបវប្បធម៌ នៃការប្រកួតប្រជែង​ដោយស្មើភាព និងការការពារអ្នកប្រើប្រាស់ តាមរយៈការផ្សព្វផ្សាយ ក៏ដូចជា ការជំរុញការយល់ដឹង ដល់ភាគីពាក់ព័ន្ធរួមមាន សហគមន៍ពាណិជ្ជកម្ម (ដូចកម្មវិធីដែល បានធ្វើឡើង នៅថ្ងៃនេះ) ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ប្រព័ន្ធតុលាការ ដៃគូអភិវឌ្ឍន៍ បណ្តាញផ្សព្វផ្សាយ និងសាធារណជនទូទៅ លើបទប្បញ្ញត្តិនៃច្បាប់ និងការទទួលខុសត្រូវ រួមគ្នា ដើម្បីធានាថា ស្ថាប័នទាំងនោះ មើលឃើញពីផលប្រយោជន៍ នៃការប្រកួតប្រជែង និងការការពារអ្នកប្រើប្រាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ V / N

រូបថត ( សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ (រូបភាព ក.ប.ប.)