ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ លោក ស៊ុន សុវណ្ណារិទ្ឋ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ ” ទីណា ប្រជាពលរដ្ឋ ជួបការលំបាក អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកនោះ ត្រូវតែទៅដល់ទីនោះជាបន្ទាន់ ដើម្បីដោះស្រាយ ជូនពួកគាត់ ឲ្យទាន់ពេលវេលា ” ។

លោកអភិបាលខេត្តកំពង់ឆ្នាំង នៅពេលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូល កាន់មុខតំណែង ជាអភិបាល ស្រុកសាមគ្គីមានជ័យ ។ ពិធីខាងលើនេះ ក៏មានការអញ្ជើញ ចូលរួមពីលោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង ៣ ប្រភេទ ជាច្រើនរូបទៀត។

លោក ស៊ុន សុវណ្ណារិទ្ឋ បានមានប្រសាសន៍បន្តថាៈ ថ្នាក់ដឹកនាំដែលទទួលជោគជ័យ ទៅបាន គឺដោយកត្តាសាមគ្គីភាពផ្ទៃក្នុង ។ ហេតុនេះ អភិបាលស្រុកសាមគ្គីមានជ័យ ត្រូវតែមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទើបការងាររលូនទៅបាន ជាមួយគ្នានេះ ត្រូវខិតខំ បំពេញភារកិច្ច ដោយសហការជាមួយមន្ត្រីក្រោមឱវាទ មន្តី្រជំនាញ អាជ្ញធរភូមិ ឃុំ ស្រុក ដើម្បីបំពេញតួនាទី ជាថ្នាក់ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ និងខិតខំអនុវត្តផែនការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរាជរដ្ឋាភិបាល បានផ្ដល់ឱ្យ និងត្រូវខិតខំអនុវត្តឱ្យបានមើងម៉ាត់បំផុត នូវច្បាប់ស្ដីពីលក្ខខណ្ឌិកៈមន្ត្រីរាជការស៊ីវិល ផងដែរ។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថាៈ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ដែលរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ដាក់ជូន ក៍ត្រូវយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ ជួបការខ្វះខាត និងពួកគាត់ មានតម្រូវការអ្វីជាចាំបាច់ ដូចរងគ្រោះដោយ ធម្មជាតិ រងគ្រោះដោយបញ្ហាកូវីដ ១៩ និងសូមយកចិត្តទុកដាក់បំរើសេវាសាធារណៈ ឲ្យបានលឿនបំផុត ជាមួយប្រជាពលរដ្ឋ ជាពិសេស គឺភូមិ ឃុំ មានសុវត្ថិភាព។

លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងពីវិស័យរីកចម្រើននានានៅក្នុងខេត្ត និងគម្រោងជាច្រើន ក្នុងការកសាងផ្លូវថ្នល់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងប្រែក្លាយទៅជា តំបន់ទេសចរណ៍ ផងដែរ។

ក្នុងនោះដែរ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានផ្ដល់អង្ករ ចំនួន ៩ តោន និងត្រីខ ទឹកសុីអ៊ុីវ ដល់ឃុំចំនួន ៩ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋ ជួបការខ្វះខាត និងជំនន់ទឹកភ្លៀង។

សូមបញ្ជាក់ដែរថា ក្នុងពិធីនេះ ក៏ត្រូវបានប្រកាសលោក ឈួន ចាន់ណា ជាអភិបាល ស្រុកសាមគ្គីមានជ័យ ជំនួសលោក វន ស៊ីផា ដែលត្រូវបានប្រកាសមុខតំណែង ទៅជាអភិបាល ស្រុកកំពង់ត្រឡាច៕ V / N