ដោយៈ សូ ហាន់ បុគ្គលិកមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង/ភ្នំពេញ៖ខ្ញុំឈ្មោះ ផន ភឿន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ខ្ញុំមានឪពុកឈ្មោះ នុត ផន និងម្ដាយឈ្មោះ នួន នឹម។ នៅអាយុ១២ឆ្នាំ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាវត្តសំរោង។

ក្រោយពីបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាខ្ញុំមិនបានបន្តការសិក្សានៅសាលាទៀតទេ។ខ្ញុំចូលរៀនខាងធម៌វិន័យព្រះពុទ្ធសាសនាជាមួយលោកគ្រូ សំ, គ្រូអោក និង គ្រូចែម។
ក្រោយមកខ្ញុំទៅបួសរៀននៅវត្តសំរោងវត្តបានរយៈពេលមួយឆ្នាំក៏លាចាកសិក្ខាបទវិញ។ក្រោយពីលាចាកសិក្ខាបទ ខ្ញុំមករស់នៅជាមួយឪពុកម្តាយនៅក្នុងភូមិឫស្សីសាញ់។ ក្រោយមកឪពុកម្ដាយខ្ញុំបានរៀបការឱ្យខ្ញុំជាមួយឈ្មោះ កៅ នាថ។ បន្ទាប់ពីរៀបការរួច យើងមានកូនចំនួន៩នាក់ ក្នុងនោះស្រីចំនួនប្រាំនាក់។

ផន ភឿន រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (បណ្ណមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ។ ខ្ញុំឃើញប្រជាជនជាច្រើននាំគ្នាធ្វើបាតុកម្មទាមទារអំណាចថ្វាយសម្ដេចព្រះនរោត្តមសីហនុនិងយាងសម្តេចមកដឹកនាំប្រទេសវិញ។មិនយូរប៉ុន្មានខ្ញុំឃើញមានការទម្លាក់គ្រាប់បែកបណ្តាលឲ្យការរស់នៅរបស់ខ្ញុំជួបការលំបាកយ៉ាងខ្លាំង ព្រោះត្រូវរត់គេចពីការទម្លាក់គ្រាប់បែក ហើយចូលពួននៅក្នុងត្រង់សេ (លេណដ្ឋាន) ជាញឹកញាប់។ ជាមួយគ្នានោះ ខ្ញុំឃើញវត្តមានពួកវឹកយ៉ា (ទាហានវៀតណាមខាងត្បូង) ចូលមករស់នៅក្នុងភូមិឫស្សីសាញ់ ធ្វើឲ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។

នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ក្រោយពីយោធាខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញខ្ញុំឃើញប្រជាជនថ្មីជាច្រើនត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញឲ្យមករស់នៅតាមទីជនបទ។
ពេលនោះខ្ញុំមិនសូវបានរស់នៅក្នុងភូមិទេព្រោះអង្គការចាត់តាំងខ្ញុំឲ្យទៅជីកប្រឡាយនៅស្រម៉រ។ពេលការងារនៅស្រម៉រត្រូវបានបញ្ចប់ អង្គការបានចាត់ខ្ញុំឲ្យទៅធ្វើការនៅព្រៃកូនឫស្សី និងនៅដំណាក់ក្រសាំងទៀត។ នៅពេលខ្ញុំធ្វើការងារនៅដំណាក់ក្រសាំងហើយរួចរាល់ទើបខ្ញុំអាចត្រឡប់មករស់នៅជាមួយគ្រួសារបានរយៈពេលកន្លះខែ។ បន្ទាប់មក អង្គការបានចាត់ខ្ញុំឲ្យទៅជីកប្រឡាយ និងវាយថ្ម នៅថ្មពេជ្រ ក្នុងខេត្តកំពង់ចាម។

នៅពេលខ្ញុំធ្វើការនៅថ្មពេជ្រ ខ្ញុំបានហូបបាយស្រួយ មិនខ្វះខាតដូចរស់នៅក្នុងភូមិឫស្សីសាញ់ទេដែលកាលនោះ ប្រធានកងឲ្យហូបតែបបរប៉ុណ្ណោះ។នៅថ្ងៃខ្លះអង្គការបានរៀបចំឲ្យមានកម្មវិធីសម្តែងសិល្បៈដើម្បីឲ្យប្រជាជនមើលកម្សាន្ដ។

នៅពេលបញ្ចប់ការងារវាយថ្មនៅកំពង់ចាមខ្ញុំបានមករស់នៅក្នុងភូមិឫស្សីសាញ់វិញ។នៅពេលនោះអង្គការចាត់តាំងខ្ញុំឲ្យទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀតនៅក្នុងភូមិដែរ។ជារឿយៗអង្គការបានយកមនុស្សទៅសម្លាប់នៅលើទួលពោធិ៍អង្អែវធ្វើឱ្យខ្ញុំកាន់តែខិតខំធ្វើការងារទៅតាមផែនការព្រោះខ្លាចអង្គការបញ្ជូនទៅរៀនសូត្រ។
នៅចុងឆ្នាំ១៩៧៨ប្រជាជននៅក្នុងភូមិឫស្សីសាញ់ជាច្រើនគ្រួសារត្រូវបានអង្គការជម្លៀសឱ្យទៅរស់នៅខេត្តពោធិ៍សាត់។ កាលនោះខ្ញុំបានបរទេះជូនក្រុមគ្រួសារជម្លៀសទាំងនោះទៅអ្នកលឿង។

ផន ភឿន កំពុងផ្ដល់បទសម្ភាសន៍អំពីរឿងរ៉ាវក្នុងរបបខ្មែរក្រហមដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (បណ្ណមជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រោយពីជូនក្រុមគ្រួសារជម្លៀសទាំងនោះទៅដល់អ្នកលឿងហើយ ខ្ញុំក៏បររទេះគោត្រឡប់មកភូមិឫស្សីសាញ់វិញ។ ពេលមកដល់ភូមិ ខ្ញុំឃើញវត្តមានកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា (កងទ័ពរំដោះ) ចូលមកក្នុងភូមិ ចំណែកប្រជាជនចំនួនត្រូវបានអង្គការជម្លៀសចេញពីភូមិឫស្សីសាញ់ទៅទិសខាងលិចវិញ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំក៏ជួបជុំជាមួយគ្រួសារឡើងវិញ។ ចាប់តាំងពីឆ្នាំ១៩៨០មក ខ្ញុំរកស៊ីដឹកជ្រូកយកទៅលក់នៅតាមព្រំដែនវៀតណាមនិងនៅខេត្តបាត់ដំបងទើបធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារខ្ញុំបានប្រសើរឡើងនិងមានហូបចុកគ្រប់គ្រាន់។ដោយសារការខិតខំប្រឹងប្រែងក្នុងការរកស៊ីទើបធ្វើឱ្យខ្ញុំនិងគ្រួសារមានជីវភាពសមរម្យមិនលំបាកដូចកាលមុនទៀត៕សរន