​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ យោងតាម​ប្រភព​ព័ត៌មាន​ដែល​ដឹង​រឿង តុលាការ​មី​យ៉ាន់​ម៉ា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​កាត់ទោស​ដាក់គុក​អតីត​មេដឹកនាំ​ស៊ីវិល អ៊ុង សាន ស៊ូ​ជី ចំនួន​បី​ឆ្នាំ​ទៀត​ក្រោយ​រក​​ឃើញ​ថា​លោកស្រី​មាន​ទោស​កំហុស​ចំពោះ​ការទទួល​សំណូក​ពី​អ្នក​រកស៊ី​ក្នុង​ស្រុក​ម្នាក់​។​

​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​វ័យ​៧៧​ឆ្នាំ​រូប​នេះ ត្រូវបាន​ដាក់ទោស​ចំពោះ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ចំនួន​ពីរ ដោយ​តុលាការ​គ្រប់គ្រង​ដោយ​ក្រុម​យោធា​នៅ​ក្នុង​រដ្ឋធានី​ណៃពី​ដោ​​កាលពី​ថ្ងៃ​ពុធ​។​លោក​ស្រី​ត្រូវ​ទទួលទោស​ជាប់គុក​បី​ឆ្នាំ​ចំពោះ​បទចោទប្រកាន់​នីមួយៗ តែ​វា​ត្រូវ​អនុវត្ត​ទោស​ជាន់​ពេល​គ្នា​។​

​តុលាការ​បាន​សំរេច​ថា​លោកស្រី​ស៊ូ​ជី​បាន​ទទួល​ល​យុយ​៥៥០.០០០​ដុល្លារ​ជា​សំណូក​ពី​សេដ្ឋី​សំណង់​ឈ្មោះ មួង វ៉េ​ក​(Maung Waik)​។​

​ការផ្តន្ទាទោស​ចុងក្រោយ​នេះ​នាំ​អោយ​រយៈពេល​ជាប់​ទោស​របស់​លោកស្រី​សរុប​ឡើងដល់​២៦​ឆ្នាំ នៅពេល​លោកស្រី​នៅ​រង់ចាំ​សាលក្រម​ចំពោះ​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​ចំនួន​ប្រាំ​ទៀត​។​

​ស៊ូ​ជី ត្រូវបាន​ផ្តន្ទាទោស​អោយ​ជាប់គុក​២៣​ឆ្នាំ​រួច​ហើយ​ពី​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ មានចាប់​ពី​នាំចូល​និង​កាន់កាប់​វទ្យុទាក់ទង​ដោយ​ខុសច្បាប់​រហូតដល់​រំលោភ​ច្បាប់​ប្រឆាំង​កូវី​ដ​១៩​។​

​កាលពី​ខែ​មុន តុលាការ​បាន​ដាក់ទោស​លោកស្រី​និង​ជំនួយការ​សេដ្ឋកិច្ច​សញ្ជាតិ​អូស្ត្រាលី​ពី​បទ​រំលោភ​ច្បាប់​ការសម្ងាត់​រដ្ឋ​។​

​ស៊ូ​ជី បាន​បដិសេធ​រាល់​ការចោទប្រកាន់​និង​មិន​ដែល​ឆ្លើយ​ទទួល​ទោស​កំហុស​ទេ

​នៅ​ថ្ងៃ​ពុធ​នេះដែរ តុលាការ​មី​យ៉ាន់​ម៉ា​បាន​ដាក់ទោស​អ្នកកាសែត​ជប៉ុន​ម្នាក់​ចំពោះ​ការរំលោភច្បាប់​អន្តោប្រវេសន៍ ដោយ​បន្ថែម​ការ​ជាក់​គុក​បី​ឆ្នាំ​ទៀត​លើ​ទោស​ជាប់គុក​ប្រាំពីរ​ឆ្នាំ ដែល​តុលាការ​មី​យ៉ាន់​ម៉ា​​បាន​សំរេច​កាលពី​សប្តាហ៍​មុន​ចំពោះ​កំហុសថត​ភាពយន្ត​ឯកសារ​ស្តីពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​។​

​តូ​រុ គូ​បូ​តា​(Toru Kubota)​អ្នក​ថត​ភាពយន្ត​ឯកសារ​មានមូលដ្ឋាន​នៅ​ក្រុង​តូ​ក្យូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​៣០​មិថុនា នៅ​ក្រុង​យ៉ាងហ្គោន ក្រោយ​លោក​ថតរូប​និង​វីដេអូ​ស្តីពី​ការតវ៉ា​ប្រឆាំង​នឹងរ​ដ្ឋ​ប្រហារ​យោ​​ធា​កាលពី​ឆ្នាំមុន​។​លោក​ត្រូវបាន​កាត់ទោស​កាល​ពី​សប្តាហ៍​មុន​អោយ​ជាប់គុក​ប្រាំពីរ​ឆ្នាំ​ចំពោះ​ការរំលោភច្បាប់​អេឡិចត្រូនិច​និង​បី​ឆ្នាំ​ចំពោះ​ការ​ញុះញង់ តែ​អនុវត្ត​ទោស​ជាន់​ពេល​គ្នា​៕

​គូ​បូ​តា ជា​អ្នកកាសែត​បរទេស​ទី​ប្រាំ​ដែល​ត្រូវ​ចាប់ខ្លួន​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​ក្រុម​យោធា​ដណ្តើម​អំណាច​