ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡាករ​អាជីព​ជាតិ អន្តរជាតិ​អ្នក​ចូលចិត្ត​ជិះ​កង់​ភ្នំ​ប្រមាណ​ជាង ៤០០​នាក់​នឹង ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​កង់​ភ្នំ​ដែល​គេ​ប្រសិទ្ធិ​ថា WURKZ MOUNTAIN BIKE SERIES 2022 ជុំ​ទី ៣ ដែល​នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ នៅ​ជើងភ្នំ​គូលែន​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​។​

​លោក Pierre Yves CATRY អ្នករៀបចំ​កម្មវិធី​នេះ បាន​ឲ្យ​ដឹងថា កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 នឹងមាន​ការចូលរួម​ពី​កីឡាករ​អាជីព​ជាតិ អន្តរជាតិ អ្នក​ចូលចិត្ត​ជិះ​កង់​ភ្នំ និង​អ្នកគាំទ្រ​កីឡាករ​សមាជិកគ្រួសារ និង​មិត្តភក្ដិ​ជាច្រើន​នាក់​ប្រមាណ​​ជាង​៤០០​នាក់ ដែល​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​តំបន់ភ្នំ​គូលែន​ព្រមទាំង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងខ្លាំង ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​។​នេះ​គឺជា​លើកដំបូង​ដែល​ព្រឹត្តិការណ៍​ប្រណាំង​កង់ WURKZ MOUNTAIN BIKE SERIES 2022 ត្រូវបាន​ធ្វើឡើង​នៅ​ទឹកដី​ខេត្តសៀមរាប​។

​កីឡាករ​ជម្រើសជាតិ កម្ពុជា​លោក ហួត លយ​រស្មី ដែល​តែងតែ​ចូលរួម​កម្មវិធី WURKZ MOUNTAIN BIKES ERIES បានបង្ហាញ​ក្តី​រីករាយ​ដែល​ជុំ​ទី​៣​នៃ​ព្រឹត្តិការ​ណ៍ដ៍​អស្ចារ្យ​នេះ​ត្រូវ​ធ្វើឡើង​ក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​នៅលើ​ទីលាន​ដែល​រូបគេ​បាន​ហ្វឹកហាត់​ជាប្រចាំ និង​រំពឹងថា​ទទួលបាន​លទ្ធផល​ល្អ​។​

​សូមបញ្ជាក់ថា​កម្មវិធី WURKZ MOUNTAIN BIKE SERIES 2022 បានរៀបចំ​ចំនួន​២​ជុំ​​រួចមកហើយ នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពត ដែលមាន​វិញ្ញាសារ​ប្រកួត​ចំនួន​១៤​វិញ្ញាសារ​ផ្សេងគ្នា​ទៅតាម​កម្រិត និង​ជំនាញ​នៃ​អ្នកចូលរួម​ប្រណាំង​នីមួយៗ​៕​