ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ សម្រាប់​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ នា​ខែវិច្ឆិកា​ខាងមុខនេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បញ្ជាក់​ឲ្យ​ដឹងថា​នឹងដាក់​បួន​វិញ្ញាសា​ឲ្យ​ប្រកួត ។ វិញ្ញាសា​ទាំង​បួន​រួមមាន Latin Five Dances, Standard Five Dances, Breaking Dance B Boy 1 និង​Breaking Dance B Girl 1 ដោយមាន​អត្ត​ពលិកម​ក​ពី​បួន​ក្រសួង​-​ស្ថាប័ន និង​រាជធានី​-​ខេត្ត​ក្រុង ចូលរួម​ប្រកួត ក្នុងនោះ​មាន ក្រសួងមហាផ្ទៃ កងទ័ពជើងទឹក ខេត្តកំពង់ចាម និង​ខេត្តកណ្តាល​។​

​អ្នកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ជាក់ថា វិញ្ញាសា​ទាំង​បួន​នេះ អាច​នឹងមាន​ផលប៉ះពាល់​ខ្លះៗ​សម្រាប់​ការត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣​។ បើតាម​និយាម​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​រាំ​អន្តរជាតិ គឺ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ត្រូវដាក់​១៤​វិញ្ញាសា ឲ្យ​ប្រកួតប្រជែង​រាល់​ព្រឹត្តិការណ៍​ប្រកួត​។​

​លោកស្រី​បន្តថា​វិញ្ញាសា​ទាំង​១៤​គឺ​សុទ្ធតែ​វិញ្ញាសា​មាន​សក្តានុពល​ក្នុងការ​ដណ្តើម​មេដាយ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ស្របតាម​ការកំណត់​ទិសដៅ និង​មាន​ផែនការ​ច្បាស់លាស់ គឺ​សហព័ន្ធ​បាន​តម្រូវ​ឲ្យ​កីឡាករ កីឡាការិនី​ចង្វាក់ Latin Dance ហ្វឹកហាត់​តែ​វិញ្ញាសា Latin Dance ខណៈ​ចង្វាក់ Standard Dance ហ្វឹកហាត់​តែ Standard Dance និង Break Dance ហ្វឹកហាត់​តែ Break Dance តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ពួកគាត់​ត្រៀមខ្លួន​បានល្អ​ប្រសើរ និង​គ្រប់​ជ្រុងជ្រោយ​។ សម្រាប់​កីឡា​ជាតិ​លើក​ទី​៣​ឆ្នាំ​២០២២​នេះ គឺជា​ការចូលរួម​ដំបូង​សម្រាប់​សហព័ន្ធ​កីឡា​រាំ ក្នុងការ​សម្រួច​សិទ្ធ​ផល​ទាំង​អត្ត​ព​លិ​ក និង​មន្ត្រី​បច្ចេកទេស​ក្នុងទិសដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​តែ​បួន​វិញ្ញាសា​ក្នុងចំណោម​១៤​វិញ្ញាសា​។ ដូច្នេះ​ធ្វើអោយប៉ះពាល់​ដល់​អត្ត​ព​លិ​ក​ដែល​ហ្វឹកហាត់​វិញ្ញាសា​ផ្សេងទៀត​មិនបាន​ចូលរួម​ប្រ​​កួត​បង្កើន​សមត្ថភាព​។​

​ទោះជា​យ៉ាងណា​ក៏​អ្នកស្រី ហង្ស ស៊ីម៉ន ក៏បាន​ជម្រុញ​១០​វិញ្ញាសា​ដែល​មិនបាន​ចូលរួម​ប្រកួត ត្រូវតែ​បន្ត​ការហ្វឹកហាត់​អោយ​ខ្លាំង ត្រៀម​ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ដែល​គ្រោង​នឹង​រៀបចំ នា​ដើមខែ​វិច្ឆិកា​ខាងមុខនេះ និង​ត្រៀម​ចូលរួម​ការប្រកួត​ជើងឯក ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​រាំ​អាស៊ី នាទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​ក្រោយ​បញ្ចប់​ការប្រកួត​ជើងឯក​កីឡា​ជាតិ​លើក​ទី​៣​និង​ជើងឯក​អាស៊ី​នៅ​ប្រទេស​វៀតណាម សហព័ន្ធ​កីឡា​រាំ នឹង​បញ្ជូន​កីឡាករ កីឡាការិនី ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​ប្រទេស​ចិន នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២២ រហូតដល់​ខែមេសា ឆ្នាំ​២០២៣ ទើប​បញ្ចប់ និង​មក​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ការ​ចេញទៅ​ហ្វឹកហាត់​នៅ​ចិន គឺ​ភាគី​ចិន​នឹង​ទទួល​រ៉ាប់រង​ការ​ស្នាក់នៅ​ហូបចុក និង​សន្យា​ផ្តល់​គ្រូ​ជំនាញ​កម្រិត​ខ្ពស់ ធ្វើការ​បង្ហាត់បង្រៀន​ដល់​អត្ត​ព​លិ​ក​កម្ពុជា​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២២​កន្លងទៅ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា តាមរយៈ​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន Camsoc បាន​បញ្ជូន​ប្រតិភូ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា សរុប​១៦១​នាក់​លើ​១២​ប្រភេទ​កីឡា​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន រយៈពេល​៦​ខែ រហូតដល់​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕​