ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា​ដើម្បី​ថ្កោលទោស​ចំពោះ “​ការប៉ុនប៉ង​កាត់​យក​ខុសច្បាប់​” នូវ​តំបន់​អ៊ុយ​ក្រែន​ចំនួន​បួន​ពី​សំណាក់​រុស្ស៊ី និង​ទាមទារ​ឱ្យ​រុស្ស៊ី​លុបចោល​ការ​កាត់​យក​នេះ​ជាបន្ទាន់​។​

​វា​ជា​សញ្ញា​នៃ​ការជំទាស់​ជា​សកល​យ៉ាង​ខ្លាំងក្លា​ចំពោះ​សង្គ្រាម​រយៈពេល​ប្រាំពីរ​ខែ​និង​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការដណ្តើមយក​ទឹកដី​ប្រទេស​ជិតខាង​របស់​ខ្លួន​។

​ការបោះ​ឆ្នោត​នៅក្នុង​ស្ថាប័ន​ពិភពលោក​ដែល​មាន​សមាជិក​ចំនួន​១៩៣ គឺ​១៤៣​គាំទ្រ​ទល់នឹង​៥​ជំទាស់ ហើយ ៣៥ អនុប្បវាទ​។ វា​គឺជា​ការគាំទ្រ​ខ្លាំង​បំផុត​ពី​មហាសន្និបាត​សម្រាប់​អ៊ុយ​ក្រែ​ន​និង​ប្រ​​ឆាំង​នឹង​រុស្ស៊ី​ចំពោះ​សេចក្តីសម្រេចចិត្ត​កាត់​យ​ក​ទឹកដី​អ៊ុយ​ក្រែន​បួន​តំបន់ ដែល​ខ្លួន​បាន​វាយ​កាន់កាប់​ចាប់តាំងពី​កងទ័ព​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែន​ប្រចាំអ​.​ស​.​ប លោក សឺ​ហ្គី គី​ស្លីត​ស្យា (Sergiy Kyslytsya) បាន​ហៅ​ការបោះឆ្នោត​នេះ​ថា “​អស្ចារ្យ​” និង “​ពេលវេលា​ជា​ប្រវត្តិសាស្ត្រ​” រីឯ​ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល (Linda Thomas-Greenfield) បាន​និយាយថា អ្នកគាំទ្រ​កំពុង “​ផ្តល់​ដង្ហើម​ដល់​យើង​” ហើយ​បាន​ហៅ​វា​ថា “​ថ្ងៃ​ដ៏​អស្ចារ្យ​” ។ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក អូ​លូ​ហ្វ ស្គូ​ក (Olof Skoog) បាន​ហៅ​វា​ថា​ជា “​ជោគជ័យ​ដ៏​អស្ចារ្យ​” ដែល​ផ្ញើ “​សារ​ដ៏​ខ្លាំង​មួយ​ទៅកាន់​រុស្ស៊ី​ថា​ពួកគេ​នៅតែ​ឯកោ​”​។​

​សេចក្តីសម្រេចចិត្ត ដែល​គាំទ្រ​ដោយ​លោក​ខាងលិច គឺជា​ការឆ្លើយតប​ទៅនឹង​ការប្រកាស​របស់​រុស្ស៊ី​នូវ​ការ​កាត់​យក​កាលពី​ខែ​មុន​នូវ​តំបន់​ដូណិត​ស​ខ៍ (Donetsk) លូ​ហា​នស​ខ៍ (Luhansk) ឃើ​សុន (Kherson) និង​ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia) របស់​អ៊ុ​យក្រែន​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានធ្វើ​សកម្មភាព​បែប​នេះ បន្ទាប់​ពី “​ការធ្វើប្រជាមតិ​” រៀបចំ​ដោយ​វិមាន​ក្រឹម​ឡាំង​ដែល​រដ្ឋាភិបាល​​អ៊ុយ​ក្រែ​ន​និង​លោក​ខាងលិច​បាន​ច្រានចោល​ថា​ជា​ការបោះឆ្នោត​ក្លែងក្លាយ ដែល​ធ្វើឡើង​នៅលើ​ទឹកដី​កាន់កាប់ ចំ​ពេល​មាន​សង្គ្រាម​និង​ការផ្លាស់​ទីលំនៅ​។​

​ក្នុងអំឡុងពេល​ពីរ​ថ្ងៃ​នៃ​សុន្ទរកថា​នៅឯ​សម័យប្រជុំ​ពិសេស​ជា​បន្ទាន់​របស់​មហាសន្និបាត​ស្តី​ពី​អ៊ុ​យក្រែន វាគ្មិន​ម្នាក់​ហើយ​ម្នាក់​ទៀត​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​រំលោភ​លើ​គោលការណ៍​សំខាន់ៗ​នៃ​ធម្ម​​នុ​ញ្ញ​អង្គការសហប្រជាជាតិ ពោលគឺ​ការគោរព​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​សមាជិក​អ​.​ស​.​ប​ទាំងអស់​។​

​មានការ​បញ្ចុះបញ្ចូល​យ៉ាងខ្លាំង​ដោយ​អ្នកគាំទ្រ​នៃ​សេចក្តីសម្រេចចិត្ត​ដែល​សម្របសម្រួល​ដោយ​សហភាព​អឺរ៉ុប នៅ​មុន​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​។​

​បេសកជន​អាម៉េរិក​លោកស្រី​ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល​បាន​ប្រាប់​មហាសន្និបាត​មុន​ការបោះឆ្នោត​ថា នៅពេលដែល​អង្គការ​សហប្រជាជាតិ​ត្រូវបាន​បង្កើត​ឡើង​ចេញ​ពី​ផេះផង់​នៃ​សង្គ្រាមលោកលើកទីពីរ វា​ត្រូវ​​បាន​បង្កើតឡើង​ផ្អែកលើ​គំនិត​មួយ គឺ “​ថា​ប្រទេស​មួយ​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដណ្តើម​យក​ទឹកដី​ប្រទេស​មួយ​ផ្សេង​ទៀត​ដោយ​កម្លាំង​នោះទេ​”​។

​ក្រោយមក លោកស្រី​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ការបោះឆ្នោត​នេះ​មានន័យថា “​ក្នុង​ក្រសែភ្នែក​ពិភពលោក​និង​អង្គការសហប្រជាជាតិ ព្រំដែន​អ៊ុយ​ក្រែន​នៅតែ​ដដែល​”​។​

​លោកស្រី​ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល​និយាយថា “​សេចក្តីសម្រេចចិត្ត​នេះ​ក៏​បញ្ជូន​សញ្ញា​ដ៏​សំខាន់​មួយ​ទៅ​កាន់​ទីក្រុង​មូ​ស្គូ​និង​ទៅ​កាន់​មនុស្ស​គ្រប់រូប​ផងដែរ​ថា វា​មិន​មាន​បញ្ហា​នោះ​ទេ​ថា​តើ​អ្នក​ជា​ប្រជាជាតិ​ធំ​ឬ​តូច មាន​ឬ​ក្រ ចាស់​ឬ​ថ្មី​។ ប្រសិនបើ​អ្នក​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ព្រំដែន​របស់​អ្នក​គឺជា​របស់​អ្នក ហើយ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ​។​ពួក​វា​មិន​អាច​ត្រូវបាន​នរណាម្នាក់​ផ្សេងទៀត​​គូរ​ឡើងវិញ​ដោយ​បង្ខំ​នោះទេ​”៕

ការបោះ​ឆ្នោត​នៅក្នុង​ស្ថាប័ន​ពិភពលោក​ដែល​មាន​សមាជិក​ចំនួន ១៩៣ គឺ ១៤៣-៥ ជាមួយនឹង ៣៥ អនុប្បវាទ​