​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា​ថា ខ្លួន​បាន​ដណ្តើម​យក​ទឹកដី​បន្ថែម​ទៀត​ពី​រុស្ស៊ី​នៅ​ភាគ​ខាងត្បូង​និង​ស្វាគមន៍​ការសន្យា​របស់​លោក​ខាង​​លិច​ក្នុង​ការផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ “​ឱ្យ​បាន​លឿន​តាម​ដែល​យើង​អាចធ្វើ​បាន​” បន្ទាប់​ពី​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​ដ៏​ខ្លាំងក្លា​ជា​ច្រើន​ថ្ងៃ​។​

​ក្រុម​ប្រទេស​៥០​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​បាន​ជួប​ពិភាក្សា​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​ណា​តូ​ក្នុង​ទីក្រុង​ព្រុច​សែ​ល ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ផ្តល់​ខែល​ការពារ​ដែនអាកាស​ថ្មី​ដល់​អ៊ុ​យក្រែន ដែល​កំពុង​រង​ការវាយប្រហារ​ពី​រុស្ស៊ី ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់ ព្រម​ទាំង​ភូមិ​និង​ទីប្រជុំជន​ជាច្រើន​គ្មាន​ថាមពល​និង​ទឹក​ក្តៅ​នៅ​ទូទាំង​ប្រទេស​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ ដោយ​គ្មាន​ព័ត៌មាន​លម្អិត យ៉ាង​ដូច្នេះ​ថា “​ប្រព័ន្ធ​ការពារ​អាកាស​នឹងត្រូវ​ផ្តល់​ជូន​ឱ្យ​បាន​លឿន​ទៅ​កាន់​ទីនោះ​”​។​

​ហើយ​នៅក្នុង​ការបង្ហាញ​បន្ថែម​ទៀត​នៃ​សាមគ្គីភាព​លោកខាងលិច ក្រុម​ប្រទេស G7 បាន​ប្តេជ្ញា​ថា​នឹង “​ឈរ​នៅ​ជាមួយ​អ៊ុយ​ក្រែន​ឱ្យ​បាន​យូរ​តាម​ដែល​ពួកគេ​ត្រូវការ​”​ខណៈ​ប្រធាន​អង្គការ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ បាន​សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជា​ប្រយោជន៍​ឱ្យ​អ៊ុយ​ក្រែន​រឹងមាំ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដែល​បាន​ពណ៌នា​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​រុស្ស៊ី​ថា​ជា​អំពើ​ភេរវកម្ម​និង​សង្ខុញ​លោកខាងលិច​ឱ្យ​ផ្តល់ “​ខែល​ការពារ​អាកាស​”​បាន​ស្វាគមន៍​ការសន្យា​​ផ្តល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់​ទៅកាន់​ប្រជាជាតិ​ថា​”​ការ​ដែល​រុស្ស៊ី​កាន់តែ​ព្រហើន​និង​ឃោរឃៅ​វា​កាន់តែ​បង្ហាញ​ច្បាស់​ចំពោះ​ពិភពលោក​ថា​ការជួយ​​អ៊ុយ​ក្រែន​ដើម្បី​ការពារមេឃ​គឺ​ជាកិច្ចការ​មនុស្សធ​ម៌​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​នេះ​”៕

​ទាហាន​អ៊ុយ​ក្រែន​បាញ់បេ MK-19 របស់​អាម៉េរិក​សំដៅលើ​ទីតាំង​របស់​រុស្ស៊ី​នៅ​តំបន់​ដូណិត​ខ៍ស​កាលពី​ថ្ងៃទី​១២​តុលា ឆ្នាំ​២០២២