ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​ត្រួត​មើល​ការបាញ់​បង្ហោះ​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ​រយៈ​ចម្ងាយវែ​ង​ចំនួន​ពីរ​ដើម នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​វា​ថា​ជា​ការសាកល្បង​ដើម្បី​បញ្ជាក់​ជំនឿ​ចិត្ត​និង​ប្រតិបត្តិការ​សព្វាវុធ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ដែល​ត្រូវបាន​បញ្ជូន​ទៅ​កាន់​កង​ឯក​​ភាព​ទ័ព​រួចហើយ​។​

KCNA​បាន​និយាយថា ការបាញ់​សាកល្បង​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​និង​មានបំណង​«​ជំរុញ​ប្រសិទ្ធភាព​ប្រយុទ្ធ​និង​អំណាច​»​នៃ​កាំជ្រួច​បណ្តែត​ដែល​ត្រូវបាន​បញ្ជូន​ទៅ​អោយ​កង​ទ័ព​ប្រជាជន​កូរ៉េ​រួច​អស់ហើយ​«​សំរាប់​ប្របត្តិ​បត្តិការ​នុយក្លេអ៊ែរក​ល​យុទ្ធ​»​។​

​ដោយ​សង្កត់ធ្ងន់ថា ការបាញ់​សាកល្បង​នេះ​ជា​ការព្រមាន​ច្បាស់ៗ​មួយ​ទៀត​ចំពោះ​«​សត្រូវ​»​របស់ខ្លួន មេដឹកនាំ​គីម ជុង​អ៊ុន បាន​និយាយថា ប្រទេស​លោក​«​គួរ​បន្ត​ពង្រីក​ដែន​ប្រតិបត្តិការ​កងកម្លាំង​នុយ​​ក្លេ​អ៊ែរ​យុទ្ធសាស្ត្រ​ដើម្បី​រារាំង​វិបត្តិ​យោធា​ដ៏​សំខាន់​ណាមួយ​និង​វិបត្តិ​សង្គ្រាម​នៅ​ពេល​ណាមួយ​និង​អាច​ចាត់វិធានការ​ជាមុន​»​។​

​កាលពី​ថ្ងៃ​ចន្ទ KCNA​បាន​និយាយថា​លោក​គីម​បាន​ដឹកនាំ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​កល​យុទ្ធ​ដោយ​ផ្តោត​ការវាយប្រហា​រលើ​កូរ៉េខាងត្បូង​នៅ​ពីរ​សប្តាហ៍​កន្លងទៅ ដើម្បី​ជា​ការប្រឆាំង​នឹង​សមយុទ្ធ​​រួម​គ្នា​កាលពី​ពេល​ថ្មីៗ​រវាង​កងកម្លាំង​កូរ៉េខាងត្បូង អាម៉េរិក​រួម​ទាំង​ជប៉ុន ដែល​ផ្តោត​លើ​កូរ៉េ​ខាងជើង​និង​មាន​ការចូលរួម​ពី​នាវា​ដឹក​យន្តហោះ​មួយ​ផង​។​

​បើតាម​KCNA កាំជ្រួច​ពីរ​ដើម​ត្រូវ​បាន​បាញ់​បង្ហោះ​សាក​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា និង​វា​បាន​ហោះ​១០.២៣៤​វិនាទី​ដើម្បី​ទៅបុក​គោលដៅ​នៅ​ចម្ងាយ​២.០០០​គីឡូម៉ែត្រ​។​

​ទោះ​ជា​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ប្រកាស​ដូច្នេះ តែ​កូរ៉េ​ខាងត្បូង ជប៉ុន​និង​អាម៉េរិក​មិន​បាន​ប្រកាស​អំពី​ការចាប់​បាន​សញ្ញា​និង​សកម្មភាព​បាញ់​ដូច​កាលពី​លើក​មុនៗ​ទេ​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំជ្រួច​បណ្តែត​យុទ្ធសាស្ត្រ​មួយ​នៅ​ឆ្នាំ​២០២១ ហើយ​អ្នកវិភាគ​គិត​ថា​សព្វាវុធ​ដូច្នេះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ​។​ការបាញ់​សាកល្បង​កាលពី​ថ្ងៃ​ពុធ​​បាន​បញ្ជាក់​អំពី​តួនាទី​នុយក្លេអ៊ែរ​ជា​លើកដំបូង​ត្រូវបាន​ដាក់​អោយ​ដំណើរការ តែ​វា​មិន​ច្បាស់​ថា​តើ​កូរ៉េ​ខាងជើង​មាន​បច្ចេក​វិទ្យា​ដើម្បី​ផលិត​ក្បាល​គ្រាប់​តូច​ល្មម​ដើម្បី​បំពាក់​លើ​កាំជ្រួច​ដែរ​ឬ​អត់​។​

​កាំជ្រួច​បណ្តែត​ស្ថិត​ចំណោម​សព្វាវុធ​មាធ​តូចៗ​ទៅ​ដែល​កូរ៉េ​ខាងជើង​បាន​ផលិត​ចេញ​នៅ​ពេល​ថ្មីៗ ហើយ​វា​អាច​ហោះ​ទាប​និង​បត់បែន​គេច​ពី​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​បាន​កាន់តែ​ប្រសើរ​។​

​កាលពី​ឆ្នាំមុន លោក​គីម​បាន​និយាយថា ការផលិត​គ្រាប់បែក​តូចៗ​ឡើង​ជា​គោលដៅ​កំពូល​មួយ​ហើយ​មន្ត្រី​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា បើ​កូរ៉េខាងជើង​បន្ត​សាកល្បង​នុយក្លេអ៊ែរ​ជា​លើកដំបូង​​ចាប់តាំងពី​ឆ្នាំ​២០១៧ នេះ​ការផលិត​គ្រាប់បែក​តូចៗ​ឡើង​ស្ថិតក្នុង​ចំណោម​គោលដៅ​របស់​ប្រទេស​នេះ​៕

​គីម ជុង​អ៊ុន បាន​ដឹកនាំ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​កល​យុទ្ធ​ដោយ​ផ្តោត​ការវាយប្រហា​រលើ​កូរ៉េខាងត្បូង​នៅ​ពីរ​សប្តាហ៍​កន្លងទៅ​