ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សេវា​សន្តិសុខ​សហព័ន្ធរុស្ស៊ី (FSB)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា​ថា ខ្លួន​បាន​ឃុំខ្លួន​ជនជាតិ​រុស្ស៊ី​ប្រាំ​នាក់ និង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​និង​អា​មេនី​បី​នាក់​ពាក់​​ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​លើ​ស្ពាន​ដ៏​សំខាន់​មួយ​ទៅ​កាន់​តំបន់​គ្រីមេ ជា​ការវាយប្រហារ​មួយ​ដែល​ខ្លួន​និយាយថា​ត្រូវ​បាន​រៀបចំ​ដោយ​អ៊ុ​យក្រែន​។​

FSB បាន​និយាយថា ការវាយប្រហារ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ចារកម្ម​យោធា​អ៊ុ​យក្រែន និង​នាយក​របស់​ខ្លួន ឈ្មោះ គី​រី​ឡូ ប៊ូ​ដា​នូវ (Kyrylo Budanov)​ដោយ​បន្ទរ​តាម​ការចោទប្រកាន់​របស់​​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​អ្វីដែល​គាត់​ហៅថា​ជា “​ការវាយប្រហារ​ភេរវកម្ម​” ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ដ៏​សំខាន់​។​

FSB ដែល​ស្នង​តំណែង​បន្ត​ពី KGB សម័យ​សូ​វៀត បាន​និយាយថា “​អ្នករៀបចំ​ការវាយប្រហា​រ​ភេរវកម្ម​នៅលើ​ស្ពាន​គ្រីមេ គឺជា​នាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់​នៃ​ក្រសួងការពារជាតិ​អ៊ុ​យក្រែន ប្រធាន​ឈ្មោះ គី​រី​ឡូ ប៊ូ​ដា​នូវ បុគ្គលិក និង​ភ្នាក់ងារ​ចារកម្ម​របស់ខ្លួន​”​។​

​អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់ជា​ផ្លូវការ​អំពី​ការជាប់​ពាក់ព័ន្ធ​របស់​ខ្លួន​ក្នុងការ​បំផ្ទុះ​ស្ពាន​កាលពី​ថ្ងៃ​សៅរ៍​ទេ ប៉ុន្តែ​មន្ត្រី​អ៊ុយ​ក្រែន​មួយចំនួន​បាន​អបអ​រការ​ខូចខាត​នេះ​ហើយ​មន្ត្រី​អ៊ុយ​ក្រែន​មិន​បញ្ចេញអត្ត​​សញ្ញាណ​ខ្លះ​បាន​ប្រាប់​កាសែត New York Times ថា រដ្ឋាភិបាល​ក្រុង​គៀវ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។​

FSB បាន​និយាយថា ឧបករណ៍​ផ្ទុះ​ត្រូវ​បាន​ក្លែងបន្លំ​នៅក្នុង​ជ័រកៅស៊ូ​សំណង់ ២២ ដុំ ដែល​មាន​ទម្ងន់​សរុប ២២,៧ តោន ហើយ​បាន​ផ្លាស់​ទី​ចេញពី​អ៊ុយ​ក្រែន​ទៅកាន់​រុស្ស៊ី​តាមរយៈ​ប៊ុលហ្គារី ហ្ស​ក​ហ្ស៊ី​និង​​អា​មេ​នី​។​

FSB បាន​និយាយថា គ្រឿងផ្ទុះ​បាន​ចូល​ទៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ៤ ខែតុលា នៅក្នុង​រថយន្ត​ដែល​មាន​ស្លាក​លេខ​ហ្ស​ក​ហ្ស៊ី ហើយ​បាន​ទៅដល់​តំបន់​ក្រា​ស្នូ​ដា (Krasnodar) នៅ​ថ្ងៃទី ៦ ខែតុលា គឺ​ពីរ​ថ្ងៃ​មុន​ពេល​ការ​បំផ្ទុះ​។​

FSB បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការគ្រប់គ្រង​លើ​បំលាស់​ទី​ទំនិញ​តាម​បណ្តោយ​ផ្លូវ​ទាំងមូល​និង​ការធ្វើទំនាក់ទំនង​ជា​មួយ​អ្នកចូលរួម​ក្នុង​គម្រោង​ដឹកជញ្ជូន​ឧក្រិដ្ឋ​កម្មនេះ​ត្រូវបាន​​អនុវត្ត​ដោយ​បុគ្គលិក​របស់ HUR MO (​អក្សរ​កាត់​សំដៅ​ចារកម្ម​យោធា​អ៊ុ​យក្រែន​)”​។​

​ស្ពាន​និង​ផ្លូវដែក​ប្រវែង ១៩ គីឡូម៉ែត្រ ដែល​សម្ពោធ​ផ្ទាល់​ដោយ​លោក​ពូ​ទីន​ក្នុង​ឆ្នាំ ២០១៨ បាន​ក្លាយ​ជា​ផ្នែក​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​របស់​គាត់​ដោយ​ការផ្គត់ផ្គង់​ដល់​កងទ័ព​រុស្ស៊ី​​ដែល​កំពុង​ប្រយុទ្ធ​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន គឺ​ឆ្លងកាត់​វា​។​

​រុស្ស៊ី​បាន​ស្តីបន្ទោស​ការផ្ទុះ​នេះ​លើ​រដ្ឋាភិបាល​ក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ ហើយ​កាលពី​ថ្ងៃ​ចន្ទ​បាន​បើក​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​អ៊ុ​យក្រែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៩ នាក់ និង​របួស​ជាង ១០០ នាក់​៕

​ស្ពាន​និង​ផ្លូវដែក​ប្រវែង ១៩ គីឡូម៉ែត្រ​ដែល​បាន​ក្លាយជា​ផ្នែក​ដឹកជញ្ជូន​ដ៏​សំខាន់​សម្រាប់​យុទ្ធនាការ​យោធា​របស់​ពូ​ទីន​បាន​ដាច់​ធ្លាក់​ចូល​សមុទ្រ​មួយ​កំណាត់​ក្រោយ​ការផ្ទុះ​ឆេះ​កាលពី​សប្តាហ៍​មុន​