ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ចំនួន ៣៣ រូប បានចេញទៅបង្ហាត់គុនល្បុក្កតោ ដល់ឥណ្ឌូណេស៊ី និងហ្វឹកហាត់កីឡាបញ្ចសិលា ដែលជាក្បាច់គុន របស់ឥណ្ឌូណេស៊ីមកវិញ ដើម្បីត្រៀមចូលរួមក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

មុនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធគុនល្បុក្កតោកម្ពុជា បានជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ មួយចំនួន ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់។ ក្នុងនោះ ក៏មានការ ចូលរួមពីលោក កែវ រ៉េមី រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធាន សហព័ន្ធ រួមទាំងលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ និងព្រឹទ្ធាចារ្យគុនល្បុក្កតោជាច្រើនរូប ទៀតផង។

លោក អ៊ួ តារា អគ្គលេខាធិការរង បានបញ្ជាក់ថាៈ បេសកកម្មនេះ មានពីរ ទី១-សហព័ន្ធ បានបញ្ជូនគ្រូបង្វឹក ២រូប ទៅបង្ហាត់កីឡាគុនល្បុក្កតោ ដល់កីឡាករ កីឡាការិនីឥណ្ឌូ
ណេស៊ី។ ចំពោះគ្រូបង្វឹក២រូប និងកីឡាករកីឡាការិនី ២៨ រូបទៀត ត្រូវទៅហ្វឹកហាត់កីឡា បញ្ចសិលា ដែលបង្ហាត់ដោយអ្នកជំនាញឥណ្ឌូណេស៊ី។ គោលដៅនៃការផ្លាស់ប្ដូរ ការហ្វឹកហាត់ក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងកីឡាបញ្ចសិលារបស់ឥណ្ឌូណេស៊ីនេះ គឺដើម្បីសម្រួចសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ។

លោក បានបន្តថាៈ យុទ្ធនាការនេះ នឹងចាប់ផ្ដើមពីពេលនេះ រហូតដល់ការប្រកួតកីឡា ស៊ីហ្គេម នៅកម្ពុជាតែម្ដង។ ដោយសារកីឡាគុនល្បុក្កតោ និងបញ្ចសិលា មានសណ្ឋាន ប្រហាក់ប្រហែលគ្នា មានក្បាច់ស្រដៀងគ្នា គ្រាដែលកីឡាករ កីឡាការិនីកម្ពុជា មានសមត្ថភាព និងបច្ចេកទេស គុនល្បុក្កតោ ស្រាប់ផងនោះ លោកជឿជាក់ថា កីឡាករ-កីឡាការិនីកម្ពុជា នឹងអាចប្រើរយៈពេលខ្លី ដើម្បីកសាងសមត្ថភាពខ្ពស់ ជាមួយកីឡាបញ្ចសិលា ហើយឈានទៅរកការប្រកួតប្រជែង មេដាយនៅស៊ីហ្គេម។

លោកអគ្គលេខាធិការរងសហព័ន្ធ បានបន្ដទៀតថាៈ ដោយសារកីឡាករ កីឡាការិនីរបស់យើង មានធនធានបច្ចេកទេស និងសមត្ថភាពផ្នែកកីឡាគុនល្បុក្កតោ រួចស្រេចទៅហើយ ដល់ពួកគាត់ ទៅហ្វឹកហាត់កីឡាបញ្ចសិលានេះ ខ្ញុំជឿជាក់ថា យើងអាចប្រើរយៈពេលខ្លី នឹងទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងការហ្វឹកហាត់របស់ពួកគាត់។ ដូច្នេះការបោះជំរំ ហ្វឹកហាត់ក្រៅប្រទេស គឺម៉ោងពេលច្បាស់លាស់ច្រើនម៉ោង ហេតុនេះពួកគាត់ផ្ដោតសំខាន់ តែលើការហ្វឹកហាត់។ កត្តាទាំងនេះហើយ ដែលយើងជឿជាក់ថា នឹងទទួលបាននូវលទ្ធផល ល្អ ពីការហ្វឹកហាត់នេះ។

ដោយឡែក លោក វ៉ាត់ ចំរើន បានផ្ដាំផ្ញើ និងណែនាំដល់កីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលត្រៀមចេញទៅហ្វឹកហាត់កីឡាបញ្ចសិលានេះ ត្រូវផ្ដោតការយកចិត្តទុកដាក់ លើការហ្វឹកហាត់ ព្រោះការបោះជំរំនេះ គឺជាការលត់ដំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេក ទេស ឆ្ពោះទៅរកការបង្កើន នូវគុណផលកីឡាកម្រិតខ្ពស់ សម្រាប់ត្រៀមប្រកួតប្រជែង ក្នុងស៊ីហ្គេម។ ទោះបីបញ្ចសិលា ជាប្រភេទកីឡាថ្មី សម្រាប់អ្នកធ្លាប់ហាត់គុនល្បុក្កតោ តែនេះគឺជាឱកាស ដើម្បីកសាងនូវឧត្តមភាពថ្មីមួយទៀត នៅពេលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាប្រធានសហព័ន្ធ បានក្រើនរំឮកដល់ប្រតិភូគ្រូបង្វឹកពិសេសកីឡាករ កីឡាការិនី ត្រូវប្រកាន់ខ្ជាប់ឲ្យបាននូវវិន័យ ក្រមសីលធម៌ និងសាមគ្គីភាពក្រុម ហើយក៏ត្រូវថែរក្សាសុខភាព ដើម្បីធានាបាននូវការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធភាព សម្រាប់យកមកប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ បន្ថែមលើនេះ លោកក៏បានឧបត្ថម្ភ ប្រាក់ហោប៉ៅ ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល ទៀតផង៕/V-PC