ដោយៈ ទេព មង្គល / ភ្នំពេញៈ ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោក (World Sight Day) ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល សូមឱ្យប្រជាពលរដ្ឋ គ្រប់រូប អញ្ជើញទៅពិនិត្យ ភ្នែករបស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគ នៅក្នុងរាជធានីភ្នំពេញ និងបណ្តា ខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងហោច ណាស់ ឱ្យបានរៀងរាល់ ២ ឆ្នាំម្ដង។ ក្រសួងសុខាភិបាល បានអំពាវនាវបែបនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីទិវាសុខភាពភ្នែកពិភពលោក ១៣ តុលា ២០២២ នេះ។

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើង​នៅក្នុងសេចក្តីប្រកាស ព័ត៌មានថាៈ ទិវាសុខភាពភ្នែក ពិភពលោក (World Sight Day) គឺជាទិវានៃ ការយល់ដឹងជាអន្តរជាតិ ស្តីពីសុខភាពភ្នែក ដែលប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃក្នុងសប្តាហ៍ទី២ នៃខែតុលា ដើម្បីផ្ដោតការយកចិត្តទុកដាក់ជាសកល លើការថែទាំ និងរក្សាសុខភាពភ្នែក ឱ្យបានល្អ។ ទិវាសុខភាពភ្នែកពិភពលោកឆ្នាំនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ ក្រោមប្រធាបទ “ស្រឡាញ់ភ្នែករបស់អ្នក“ ដែលមានគោលបំណង៖
-ផ្តោតការយកចិត្តទុកដាក់របស់ពិភពលោក ទៅលើសុខភាពភ្នែក ថាជាបញ្ហាសកល
-លើកកម្ពស់ការយល់ដឹង អំពីសុខភាពភ្នែក ក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប ក្រុមគ្រួសារ និងសហគមន៍
-មានសារៈសំខាន់ដល់អ្នកធ្វើសេចក្ដីសម្រេចចិត្ត ក្នុងការផ្តល់អាទិភាព ដល់គំនិតផ្ដួចផ្ដើម សុខភាពភ្នែក និងជួយផ្សព្វផ្សាយការផ្តល់ សេវាសុខភាពភ្នែក សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ទីកន្លែង។

ភ្នែក គឺអាយតនៈ សម្រាប់មើល មានមុខងារសំខាន់ សម្រាប់មនុស្សគ្រប់រូប ដែលមិនអាច ខ្វះបាន។ តាមរយៈភ្នែក យើងអាចទទួលបានព័ត៌មាន និងចំណេះដឹងផ្សេងៗ ជុំវិញខ្លួនយើង ពី ៨០% រហូតដល់ ៩០% ។ ភាពពិការភ្នែក បាន ជះឥទ្ធិពល អាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាព ចម្បង សម្រាប់ មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញ ល្អនោះទេ នេះប្រហែលជា មិនមែនជារឿងងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការ វិនិយោគលើសុខភាព ដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុតមួយ ដែលយើងអាចផ្ដល់ឱ្យខ្លួនឯង។ នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នា យកចិត្តទុក ដាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន ព្រោះថា ៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាព បរិបូរណ៍ រីកចម្រើនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សមិទ្ធផលនៃ “ការបង្ការ និង គ្រប់គ្រងភាពពិការភ្នែក” សម្រេចបានអត្រាភាពពិការភ្នែក មានការថយចុះ ១,២% នៅឆ្នាំ១៩៩៥ មកត្រឹម ០,៣៧% នៅឆ្នាំ២០១៩។

ទន្ទឹមនឹងការលើកឡើង អំពីសមិទ្ធផលលេចធ្លោ ដែលសម្រេចបាន ក្នុងរយៈពេល ២៧ ឆ្នាំ កន្លងមកនេះ ក្រសួងសុខាភិបាល ក៏បានអះអាងពីគោលដៅរបស់ខ្លួន សម្រាប់ការអនុវត្ត កម្មវិធីសុខភាពភ្នែក ផងដែរ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថាៈ ក្រសួងសុខាភិបាល បានបង្កើតផែនការ យុទ្ធសាស្ត្រជាតិទី៣ សម្រាប់ការបង្ការ និងត្រួតពិនិត្យភាពពិការភ្នែកឆ្នាំ ២០២១ ២០៣០ មានគោលដៅ មហិច្ឆតារបស់ខ្លួនគឺ “ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក ឱ្យនៅត្រឹម ០,៣៥% នៅឆ្នាំ២០៣០។

ឆ្លៀតក្នុងឱកាសនៃទិវាសុខភាពភ្នែកពិភពលោក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល សូមប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅពិនិត្យភ្នែករបស់លោកអ្នក នៅតាមអគារផ្តល់សេវាចក្ខុរោគ នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្ត-ក្រុង នៅក្នុងព្រះរាជាណាចក្រកម្ពុជា យ៉ាងហោចណាស់ ឱ្យបានរៀងរាល់ ២ ឆ្នាំម្ដង។ សម្រាប់អ្នកមានអាយុចាប់ពី ៤០ឆ្នាំ ឡើងទៅ មានប្រវត្តិគ្រួសារ នៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់ដល់គំហើញ) មានជំងឺទឹកនោមផ្អែម ឬលើសឈាម មានប្រវត្តិនៃការជក់បារីយូរ ពាក់វ៉ែនតា រួចហើយ កម្រិតអំណាចភ្នែករបស់ អ្នកខ្ពស់ (ភ្នែកម៉្ញូបខ្ពស់) ត្រូវតែទៅរកគ្រូពេទ្យពិនិត្យភ្នែក ជារៀងរាល់ឆ្នាំ៕/V-PC