ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទីបំផុត ក្រុមការពារតំណែងជើងឯកវិសាខា និងក្រុមបឹងកេត បានឡើងជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិលើកទី១៦ ឆ្នាំ២០២២ បន្ទាប់ពីបន្ដយកឈ្នះគូប្រកួត រៀងៗខ្លួន នៅក្នុងការប្រកួតវគ្គពាក់ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ។

ក្រុមវិសាខា បានទម្លាក់ក្រុមភ្នំពេញក្រោន ក្នុងលទ្ធផល ៤ទល់២ សម្រាប់ជំនួប ២ជើង បន្ទាប់ពីពួកគេ បន្ដយកឈ្នះក្រុមភ្ញៀវសិង្ហក្រហម (ភ្នំពេញក្រោន) នេះ ២ទល់១ ក្នុងជើងទី២ នៅរាត្រីថ្ងៃពុធនេះ។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯក ២ សម័យនេះ ធ្វើបានសម្រេច ដោយកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី១៦ និងនាទី៤០ ចំពោះបាល់១គ្រាប់របស់ភ្នំពេញក្រោន រកបានដោយ កីឡាករ អ៊ន ចាន់ប៉ូលីន នៅនាទី៩០+២(ក្នុងម៉ោងបន្ថែម២នាទី)។ កាលពីជើងទី១ វិសាខា ក៏បានយកឈ្នះភ្នំពេញក្រោន ២ទល់១ដែរ។ ជំនួបទាំង២ជើង វិសាខា ឈ្នះ ភ្នំពេញក្រោន ៤ទល់២។

ចំពោះក្រុមបឹងកេត បានទម្លាក់ក្រុមអគ្គិសនីកម្ពុជា ក្រោយយកឈ្នះទាំង ២ជើង ក្នុងលទ្ធផល ៥ទល់០។ សម្រាប់ជំនួបកាត់សេចក្ដីជើងទី២ នៅល្ងាចម្សិលមិញនេះ ក្រុមបឹងកេត បានយកឈ្នះ ២ទល់០ លើទឹកដីអគ្គិសនីកម្ពុជា ដែលធ្វើសម្រេចដោយ កីឡាករ សេត រ៉ស៊ីប ១គ្រាប់ និង សៀង ចន្ធា ១គ្រាប់ បន្ទាប់ពីពួកគេ បានយកឈ្នះក្នុងដី កាលពីជើងទី១ ដោយលទ្ធផល ៣ទល់០។

ក្រុមឈ្នះទាំង២ គឺ វិសាខា និង បឹងកេត ដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ដែលការប្រកួតកាត់សេចក្ដី រកក្រុមជើងឯកនេះ គ្រោងធ្វើឡើងនាថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ។ ចំពោះក្រុមចាញ់ គឺក្រុមភ្នំពេញក្រោន និង អគ្គិសនីកម្ពុជា ត្រូវប្រជែងគ្នា ដណ្ដើមចំណាត់ថ្នាក់លេខ៣​ ៕/V-PC