ដោយៈ យោធិន / កំពង់ស្ពឺៈ លោក ឧកញ៉ាតាន់ ឃី ម៉េង (Tan Khee Meng) ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានបង្ហាញពីសុឆន្ទៈ សភាពាណិជ្ជកម្មម៉ាឡេស៊ី ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅសម្រេចបាន នូវគោលដៅបោសសម្អាតមីន ឲ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ ។

លោកឧកញ៉ា តាន់ ឃី ម៉េង បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី លើវិស័យលុប បំបាត់គ្រាប់មីន និងយុទ្ធភណ្ឌកាកសំណល់សង្គ្រាម ឲ្យអស់ពីក្នុងទឹកដីកម្ពុជា នាឆ្នាំ២០២៥ បែបនេះ ក្នុងឱកាសលោកអញ្ជើញ ចូលរួមដំណើរជាមួយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព ចុះសួរសុខទុក្ខប្រតិបត្តិករ នៃកងកម្លាំងរក្សាសន្តិភាព ដែលបាននិងកំពុងបោសសម្អាតមីន នៅលើខ្នងភ្នំដូនតី ស្ថិតក្នុងភូមិសាស្ត្រភូមិដូនតី ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងគម្រោងសម្អាតមីន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីឆ្ពោះទៅរកកម្ពុជា គ្មានមីនត្រឹមឆ្នាំ២០២៥ ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណ សភាពាណិជ្ជកម្មម៉ាឡេស៊ី ចំពោះការប្រឹងប្រែង កៀរគរជំនួយ បោសសម្អាតមីន និងផ្តល់សុវត្ថិភាពជូនពលរដ្ឋ ក្នុងភូមិ ឃុំ សំដៅលុបបំបាត់បញ្ហាមីន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថាៈ ម៉ាឡេស៊ី ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួន ក្នុងការបំពេញបេសកកម្ម រក្សាសន្តិភាព ដែលហៅកាត់ថា អ៊ុន តាក់ (UNTAC ) នៅកម្ពុជា នាឆ្នាំ១៩៩២-១៩៩៣ ផងដែរ។

លោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ទទួលបន្ទុកដឹកនាំ បេសកកម្មបោសសម្អាតមីន ក្នុងតំបន់ចម្ការមីន ខាងលើនេះ បានបញ្ជាក់ ឱ្យដឹងថាៈ ការងារបោសសម្អាតមីន ក្នុងភូមិសាស្ត្រស្រុកគងពិសី រយៈពេល ៤៨ ថ្ងៃ កន្លងទៅនេះ គិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្រេចរំដោះបានចំការមីន ចំនួន៣ រួមមាន ទំហំផ្ទៃដីសរុប ២៣៤.៧២១ ម៉ែត្រក្រឡា ដោយបានរកឃើញមីន ចំនួន ១១ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១៥ គ្រាប់ , គ្រាប់បែក ៣ គ្រាប់ និងអំបែងកាកសំណល់សង្ក្រាម ចំនួន ៤១៨ ដុំ ។ ចំណែកឯចំការមីន នៅសល់ចំនួន ២ ទៀត កំពុងបន្តប្រតិបត្តិការបោសសម្អាត ដែលមានផ្ទៃដីសរុប ៦៧.៥៣៣ ម៉ែត្រក្រឡា។

លោក ឧញ៉ា តាន់ ឃី ម៉េង(Tan Khee Meng) បានថ្លែងថាៈ សភាពាណិជ្ជកម្ម ម៉ាឡេស៊ី បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅបោស សម្អាតមីន ឱ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ ហើយគម្រោងបោសសម្អាតមីន នៅតំបន់នេះ សភាពាណិជ្ជកម្មម៉ាឡេស៊ី បានចូលរួមផ្តល់ថវិកាចំនួន ៧៧.០០០ ដុល្លារអាមេរិក ។

សូមបញ្ជាក់បន្ថែមថាៈ កម្ពុជាបានប្រឈមនឹងបញ្ហាមីន រួមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្រ្គាមរុំារ៉ៃ ដែលអូសបន្លាយនៅកម្ពុជា តាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៦០ រហូតដល់ ១៩៩៨ ។

សម្តេចតេជោ បានជំរុញវិស័យបោសសម្អាតមីន ពីការប្រើប្រាស់ឧបករណ៍សាមញ្ញៗ ដែលមាន វរនារីកម្ពុជាដ៏ឆ្នើមមួយរូប គឺលោកស្រី គង់ សារឿន ដឹកនាំកងអនុសេនាធំ បោសសំអាតមីន។​ រហូតដល់ឆ្នាំ១៩៩២ ទើបមានប្រតិបត្តិករអង្គការអន្តរជាតិ ចូលរួម ចំណែកក្នុងការរុករកបោសសម្អាតមីន និងយុទ្ធោបករណ៍ កាកសំណល់សង្គ្រាម កាត់បន្ថយបាននូវបរិមាណជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះខាងលើនេះ។

ជាក់ស្តែង ចំនួនអ្នកស្លាប់ និងរបួស ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយពីចំនួន ៤.៣២០ នាក់ នៅឆ្នាំ១៩៩៦ មកត្រឹមប្រមាណ ១០០ នាក់ ជាមធ្យម​នៅឆ្នាំ២០១២ និងបានបន្តថយចុះនៅត្រឹម ៤០ នាក់ ក្នុងឆ្នាំ២០២២ ក្រោមផែនការ ការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទ្រង់ទ្រាយធំ។ ក្រោមការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកពីថ្នាក់ដឹកនាំ កម្ពុជាបានប្រែក្លាយចម្ការមីន ទៅជាចម្ការដំណាំ ដែលបានផ្តល់ទិន្នផល និងចំណូលដល់ពលរដ្ឋកម្ពុជា គួរជាទីកត់ សម្គាល់។ ក្រៅពីនេះ ទីតាំងចាស់មួយចំនួន ដែលធ្លាប់ជាចម្ការមីន ក៏បានប្រែមុខមាត់ថ្មី ពោរពេញ ដោយអគារស្កឹមស្កៃ ផ្ទះល្វែងជាដើម នាពេលបច្ចុប្បន្ននេះ។

យោងតាមផែនការយុទ្ធសាស្រ្តជាតិ សកម្មភាពមីន ឆ្នាំ២០១៨-២០២៥ កម្ពុជាតាំងចិត្ត នឹងធ្វើការបោសសម្អាតមីនឲ្យអស់​នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានចាប់ផ្តើម ប្រកាសភូមិ-ឃុំ មានសុវត្ថិភាព​ជាបណ្តើរៗ​ចាប់ពីឆ្នាំ២០២២ ដែលក្នុងនោះ រួមមាន ខេត្តកែប ព្រៃវែង និងរាជធានីភ្នំពេញ ជាដើម ៕/V-PC