ដោយៈ សុខុម / ស្ទឹងត្រែងៈ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ មានរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក លើកទី៤៣ ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ ដែលមានការអញ្ជើញចូលរួមដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មន្ត្រីរាជការ និងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនកុះករ។

ការរៀបចំនោះ គឺនៅក្រោយពីប្រមុខរាជរដ្ឋាភិបាល បានបើកឲ្យមានភ្ញៀវទេសចរឡើងវិញ ក្រោយប្រទេស ស្ថិតក្នុងស្ថានភាពនូវជំងឺកូវីដ​-១៩ កន្លងមក។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ ជំរុញឲ្យមានការរៀបចំតំបន់ទេសចរណ៍ ដែលមានស្រាប់ នៅក្នុងទឹកដីខេត្តស្ទឹងត្រែងទាំងអស់ ឲ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ មកកម្សាន្ត ឱ្យកាន់តែច្រើន។ លើសពីនេះ លោកសូមឲ្យមានការចូលរួម ពីប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ​លើកកម្ពស់ថែរក្សាអនាម័យ បរិស្ថានស្អាត និងឲ្យ មានការរៀបចំយកចិត្តទុកដាក់ កាកសំណល់ ឱ្យបានត្រឹមត្រូវ។ នៅពេលខាងមុខ ខេត្តស្ទឹងត្រែង និងមានការប្រកួតប្រជែង ទីក្រុងស្អាតផងដែរ។

ជាមួយនោះ លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បាននិយាយថាៈ ការរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរពីទេសចរឡើងវិញនោះ ពីព្រោះថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយ ដែលមាន សក្តានុពលខ្ពស់ ពីវិស័យទេសចរណ៍ផង ជាពិសេសទេសចរណ៍ បែបធម្មជាតិវប្បធម៌ និងប្រវត្តិសាស្រ្ត។

លោកប្រធានមន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង បាននិយាយបន្តថាៈ មានសក្តានុពល ទេសចរណ៍សំបូរបែប រួមមាន ទន្លេបួន ហូរកាត់ខេត្ត, មានតំបន់រុាំសារ, ព្រៃលិចទឹក ទន្លេមេគង្គ, ព្រៃធម្មជាតិ,ភ្នំ, តំបន់ភ្នំ, មានប្រាសាទបុរាណ, សត្វផ្សោតទន្លេមេគង្គ និងបងប្អូនជនជាតិដើមភាគតិច។ ធនធានទាំងនេះ ដែលសុទ្ធសឹងមានសក្តានុពល ក្នុងការរៀបចំអភិវឌ្ឍន៍ទេសចរណ៍ ដែលមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ធ្វើការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ។

ម្យ៉ាងទៀត ខេត្តស្ទឹងត្រែង មានការតភ្ជាប់ផ្លូវជាតិធំៗ ដូចជា ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ ៩ ស្ពានឆ្លងកាត់ទន្លេសេកុង និងស្ពានទន្លេមេគង្គ ដែលធ្វើឲ្យទេសចរណ៍ មានលក្ខណៈ គឺវិលជុំ។ ជាក់ស្ដែង ភ្ញៀវទេសចរ អាចធ្វើដំណើរពីភ្នំពេញ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ទៅភ្នំពេញវិញ។ ផ្លូវទាំងនេះ អាចជួយសម្រួល ក្នុងការធ្វើដំណើរ ដល់អ្នកទេសចរ ដោយពុំចាំបាច់វិលត្រឡប់ ទៅក្រោយវិញ។

ការរៀបចំអបអរសាទរទិវាទេសចរណ៍ពិភពលោក នៅខេត្តស្ទឹងត្រែង ឆ្នាំនេះ គឺដើម្បីបំផុស ដល់មហាជន ឲ្យមានការស្រឡាញ់បរិស្ថាន និងចង់បង្ហាញពីសក្តានុពលទេសចរណ៍ ក្នុងខេត្ត ទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ៕/V-PC