ដោយៈរ៉ាម៉ន/ភ្នំពេញ៖ កំណាត់ផ្លូវចំនួនពីរខ្សែ នោះគឺកំណាត់ផ្លូវជាតិលេខ២និងកំណាត់ផ្លូវព្រះស៊ីសុវត្ថិដែលក្រុម ការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារទៅតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះបានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូបេទីមីណឺ(AC)រួចរាល់ហើយនៅថ្ងៃទី១៣ខែតុលានេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃ១៣ ខែតុលានេះថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញក្រុមការងារនៃមន្ទីរសាធារណការរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ(AC)លើកំណាត់ផ្លូវជាតិលេខ២មានប្រវែង៤,៥គីឡូម៉ែត្រ,ទទឹង១៨ម៉ែត្រដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ដល់រង្វង់មូលព្រះនរាយណ៍(ព្រំប្រទល់ភ្នំពេញនិងខេត្តកណ្ដាល)។ចំពោះការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០កញ្ញានិងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរណ៍។

ចំណែកកំណាត់មហាវិថីព្រស៊ីសុវត្ថិវិញបានអនុវត្តការងារចាប់ពីគល់ស្ពានជ្រោយចង្វាដល់វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣ខែតុលានេះហើយ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាគម្រោងនៃការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូនៅលើកំណាត់ផ្លូវទាំងពីរខ្សែនេះគឺស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញដើម្បីសម្រួលការធ្វើចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញ។

គួររំលឹកដែរថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩ខែសីហាកន្លងមកនេះបានដឹកនាំ មន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើនិងអង្រែក្រោមខណ្ឌមានជ័យ។នៅពេលនោះលោកអភិបាលរាជធានីបានណែនាំឱ្យមន្ត្រីជំនាញនិងអាជ្ញាធរដែនដីរៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូជាតិលេខ២នេះឱ្យបានល្អដោយមិនឱ្យមានការលក់ដូររំលោភយកចិញ្ចើមផ្លូវសាធារណៈនិងជួសជុលមើលផ្លូវសម្បុកមាន់។លុះមកដល់ថ្ងៃទី១ខែកញ្ញាការដ្ឋានជួលជុលគ្រឹះនិងនិងអ៊ុតកៅស៊ូលើកំណាត់ផ្លូវមួយខ្សែនេះក៏បានចាប់ផ្តើម៕សរន / N