ដោយៈយោធិន/ កំពង់ស្ពឺ៖ លោក ឧកញ៉ាតាន់ ឃី ម៉េង (Tan Khee Meng)ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាបានបង្ហាញពីបំណងនៃការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវគោលដៅបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥។

រូបថត​ ( នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីននិងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព )

ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជាឧកញ៉ា តាន់ ឃីម៉េង បានលើកឡើងដូចនេះក្នុងឱកាសអញ្ជើញចូលរួមដំណើរជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីននិងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខប្រតិបត្តិករនៃកងកម្លាំងរក្សាសន្តិភាពដែលបាននិងកំពុងបោសសម្អាតមីន នៅលើខ្នងភ្នំដូនតី ស្ថិតក្នុងភូមិសាស្ត្រភូមិដូនតី ឃុំស្រង់ ស្រុកគងពិសីខេត្តកំពង់ស្ពឺកាល ពីថ្ងៃទី១២ ខែតុលា ក្នុងគម្រោងសម្អាតមីន របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្រោមមូលបទ “ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណសភាពាណិជ្ជកម្មម៉ាឡេស៊ី ចំពោះការប្រឹងប្រែង កៀរគរជំនួយបម្រើឱ្យសកម្មភាពបោសសម្អាតមីននិងផ្តល់សុវត្ថិភាពជូនពលរដ្ឋក្នុងភូមិឃុំសំដៅលុបបំបាត់បញ្ហាមីននៅក្នងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ម៉ាឡេស៊ីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលបានបញ្ជូនកងកម្លាំងរបស់ខ្លួនក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ដែលហៅកាត់ថា អ៊ុ តាក់ (UNTAC )នៅកម្ពុជានាឆ្នាំ១៩៩២-១៩៩៣ ផងដែរ។

ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពទទួលបន្ទុកដឹកនាំបេសកកម្មបោសសម្អាតមីនក្នុងតំបន់ចម្ការមីនខាងលើនេះបានបញ្ជាក់ឱ្យដឹងថា ការងារបោសសម្អាតមីនក្នុងភូមិសាស្ត្រ ស្រុកគងពិសី រយៈពេល៤៨ថ្ងៃកន្លងទៅនេះ ដែលគិតចាប់ពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១០ ខែតុលាសម្រេច រំដោះបានចំការមីនចំនួន៣រួមមានទំហំផ្ទៃដីសរុប២៣៤.៧២១ម៉ែត្រក្រឡាដោយបានរកឃើញមីនចំនួន១១គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ១៥គ្រាប់គ្រាប់បែកបីគ្រាប់និងអំបែងកាកសំណល់សង្ក្រាមចំនួន៤១៨ដុំ។ចំណែកឯចម្ការមីននៅសល់ចំនួនពីរទៀត កំពុងបន្តប្រតិបត្តិការបោសសម្អាត ដែលមានផ្ទៃដីសរុប៦៧,៥៣៣ម៉ែត្រក្រឡា។

ឧញ៉ា តាន់ ឃី ម៉េង(Tan Khee Meng) ប្រធានសភាពាណិជ្ជកម្មប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាបានថ្លែងថា សភាពាណិជ្ជកម្មម៉ាឡេស៊ីបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចគោលដៅបោសសម្អាតមីនឱ្យអស់ពីទឹកដីកម្ពុជា ត្រឹមឆ្នាំ២០២៥ ហើយគម្រោងបោសសម្អាតមីន នៅតំបន់នេះ សភាពាណិជ្ជកម្មម៉ាឡេស៊ី បានចូលរួមផ្តល់ថវិកាចំនួន៧៧.០០០ដុល្លារផងដែរ។

សូមបញ្ជាក់បន្ថែមថា កម្ពុជាបានប្រឈមនឹងបញ្ហាមីន រួមទាំងសំណល់ជាតិផ្ទុះ ក្រោយសង្រ្គាមរុំារ៉ៃដែលអូស បន្លាយនៅកម្ពុជាតាំងពីដើមទស្សវត្សរ៍ ឆ្នាំ១៩៦០ រហូតដល់ ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន បានជំរុញវិស័យបោសសម្អាតមីនពីការប្រើប្រាស់ឧបករណ៍សាមញ្ញៗដែលមានវរនារី កម្ពុជាដ៏ឆ្នើមមួយរូបគឺលោកស្រី គង់ សារឿន ដឹកនាំកងអនុសេនាធំបោសសំអាតមីន។ រហូតដល់ឆ្នាំ១៩៩២ ទើបមានប្រតិបត្តិករអង្គការអន្តរជាតិ ចូលរួមចំណែកក្នុងការរុករកបោសសម្អាតមីននិងយុទ្ធោបករណ៍កាកសំណល់ សង្គ្រាមកាត់បន្ថយបាននូវបរិមាណជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះខាងលើនេះ។

ជាក់ស្តែងចំនួនអ្នកស្លាប់ និងរបួស ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយពីចំនួន ៤.៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹមប្រមាណ ១០០នាក់ជាមធ្យមនៅឆ្នាំ២០១២ និងបានបន្តថយចុះនៅត្រឹម ៤០នាក់ ក្នុងឆ្នាំ២០២២ ក្រោមផែនការការបោសសំអាតមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមទ្រង់ទ្រាយធំ។ ក្រោមការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកពីថ្នាក់ដឹកនាំ កម្ពុជាបានប្រែក្លាយចម្ការមីន ទៅជាចម្ការដំណាំ ដែលបានផ្តល់ទិដ្ឋផល និងចំណូលដល់ពលរដ្ឋកម្ពុជាគួរជាទីកត់សម្គាល់។

ក្រៅពីនេះ ទីតាំងចាស់មួយចំនួន ដែលធ្លាប់ជាចម្ការមីន ក៏បានប្រែមុខមាត់ថ្មី ដែលពោរពេញដោយអគារស្កឹមស្កៃ ផ្ទះល្វែងជាដើមនាពេលបច្ចុប្បន្ន។

យោងតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ កម្ពុជាតាំងចិត្តនឹងធ្វើការបោសសម្អាត មីន ឲ្យអស់ នៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាក៏បាន ចាប់ផ្តើមប្រកាសភូមិ-ឃុំ មានសុវត្ថិភាព ជាបណ្តើរៗ ចាប់ពីឆ្នាំ២០២២ ដែលក្នុងនោះរួមមានៈ ខេត្តកែប ព្រៃវែង និងរាជធានីភ្នំពេញ…៕សរន / N