ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពី តំណាងរដ្ឋបាលខេត្តសៀមរាប គឺលោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងអស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំអង្គភាព ចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

ជាមួយគ្នានោះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាង លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ លើការងារផ្សព្វផ្សាយស៊ីហ្គេម ភូមិបេតិកភណ្ឌវប្បធម៌ និងគុនល្បុក្កតោ ព្រមទាំងអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំ ការងារទាំងបីនេះផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ៣៨ ប្រភេទកីឡា ៣៥៦ វិញ្ញាសា និងប្រតិភូចូលរួមពីរាជធានី ខេត្តទាំង ២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ៥.០៤៩ នាក់ (ក្នុងនោះប្រតិភូ គ្រូបង្វឹក ៨១៨ នាក់ និងកីឡាករ កីឡាការិនី ៤.២៣១ នាក់)៕ V / N

រូបថតៈ លោក ស សុខា ដឹកនាំប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅខេត្តសៀមរាប (រូបថតៈ ក្រុមការងារលោក ស សុខា)