ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណជន ជាតិនិងអន្តរជាតិទាំងអស់ ជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ កំណត់យកកាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុត លើពិភពលោក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុនេះ បានសរសរថាៈ ក្នុងគោលបំណង ដើម្បីចូលរួមរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងជំរុញការកែលម្អសោភ័ណភាព និងអនាម័យបរិស្ថាន ជាពិសេស ដើម្បីលើកកម្ពស់កិត្យានុភាព ខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារៈនាទិសនិរតី ។ ដូចនេះ ដើម្បីចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ទាំងពីរនេះ ប្រព្រឹត្តទៅប្រកប ដោយកិត្តិយស និងទទួលបានជោគជ័យ តាមផែនការរបស់រដ្ឋបាល ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំនៅក្នុងលិខិតរបស់ខ្លួនថាៈ រដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវចុះផ្សព្វផ្សាយ និងបំផុសប្រជាពលរដ្ឋ គ្រប់លំនៅដ្ឋាន ម្ចាស់ដីឡូត៍ ឱ្យសម្អាតអនាម័យបរិស្ថាន នៅមុខទីតាំង និងលំនៅដ្ឋានរបស់ខ្លួន ឱ្យបានស្អាតជាប្រចាំ។

ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន  គ្រឹះស្ថឋានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋ ត្រូវរៀបចំសម្អាតអនាម័យបរិស្ថាន តុបតែងលម្អ បំភ្លឺភ្លើងពណ៌ និងស្នើបើកភ្លើងពីមុខផ្ទះ ទីស្នាក់ការក្រុមហ៊ុន អគារសាធារណៈ អគារឯកជន និងតាមទីតាំងអាជីវកម្ម ឆ្នេរខ្សាច់កម្សាន្ត ឱ្យបានព្រមៗគ្នា ចាប់ពីពេលនេះតទៅ។

រដ្ឋបាលក្រុង ស្រុក ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ម្ចាស់អាជីវកម្មតាមឆ្នេរ ក្រុមហ៊ុនប្រមូល សំរាម KSWM និងប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាត និងថែទាំឆ្នេរ ឱ្យបានល្អ និងមានសោភ័ណភាព។

មន្ទីរទេសចរណ៍ និងមន្ទីរព័ត៌មានខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី ពិធីបុណ្យសមុទ្រ និងមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ដល់មហាជន ប្រជាជន និងអ្នកយកព័ត៌មាន អំពីអត្ថន័យខ្លឹមសារ និងសកម្មភាព នៃព្រឹត្តិការណ៍ទាំងពីរ ខាងលើ។

អាជ្ញាធរក្រុង ស្រុក ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវសហការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ ដើម្បីធានាបាននូវ សុវ្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ មហាជន និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្ត សប្បាយ ប្រកបដោយសុខដុមនីយកម្ម៕ V / N