ដោយៈ គង់ហេង / កំពង់ចាម៖ ដំណាំស្រូវប្រាំង និងស្រូវវស្សា ប្រមាណជិត ៣០០ ហិកតា របស់ប្រជាកសិករ ជាម្ចាស់ស្រែចំនួន ៧៨២ គ្រួសារ នៅស្រុកកងមាស បានរងផលប៉ះពាល់ និងខូចខាតពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។នេះបើយោងតាមការប្រកាសលទ្ធផល នៃការចុះពិនិត្យ សិក្សាវាយតម្លៃ ផលប៉ះពាល់ របស់ក្រុមមន្រ្តីជំនាញ ដែលដឹកនាំលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី ១២ តុលា ម្សិលមិញ។

លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានប្រាប់ឱ្យដឹង នៅថ្ងៃទី១៣ តុលានេះថាៈ ការចុះពិនិត្យជាក់ស្តែងរបស់ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកងមាស ដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានរកឃើញដំណាំស្រូវជាសន្ទូង និងពង្រោះ ប្រមាណ ២៩៥,៣៩ហិកតា ក្នុងឃុំចំនួនបីឃុំ រងគ្រោះលិចលង់ប៉ះពាល់ និងខូចខាត ដោយសារ ទឹកជំនន់។

លោកអភិបាលស្រុកកងមាសរូបនេះ បានបន្តថាៈ ក្នុងនោះ ឃុំព្រែកក្របៅ ចំនួន ១០៧,៣៩ ហិកតា ជារបស់ប្រជាពលរដ្ឋចំនួន ៣៥២ គ្រួសារ, ឃុំរាយប៉ាយ ចំនួន ៧១ ហិកតា របស់ប្រជាពលរដ្ឋ ចំនួន ១៨៤ គ្រួសារ និងឃុំកងតាណឹង ចំនួន ១១៧ ហិកតា របស់ប្រជាពលរដ្ឋ ចំនួន ២៤៦ គ្រួសារ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឱ្យដឹងដែរថាៈ ផ្ទៃដីដំណាំស្រូវប្រាំង និងវស្សា ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង មានផ្ទៃដីដំណាំស្រូវប៉ះពាល់ ចំនួន ១៨៨,៤៤ ហិកតា និងផ្ទៃដីដំណាំស្រូវ ខូចខាតចំនួន ១០៧,៣៩ ហិកតាហើយ ផ្ទៃដីខូចខាត ១០៧,៣៩ ហិកតា របស់ប្រជាពលរដ្ឋ ដែលភាគច្រើន ជាស្រូវពង្រោះ គ្រាប់ពូជស្តារឡើងវិញ ប្រហែល ៣០.៨៥០ គីឡូក្រាម ចែកជូនប្រជាពលរដ្ឋម្ចាស់ស្រែចំនួន ៣៥២ គ្រួសារ៕ V / N

រូបភាពៈ ( លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំមន្រ្តីជំនាញចុះពិនិត្យដំណាំស្រូវជិត300 ហិកតានៅស្រុកកងមាសរងគ្រោះដោយទឹកជំនន់ )