ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា លោក ម៉ារ៉ា សុជាតិ បាននិយាយថាៈ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺឱកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេស ពង្រឹងសមត្ថភាព ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ការប្រកួតកីឡាជាតិ លើកទី៣នេះ សហព័ន្ធ បានដាក់ ៦ វិញ្ញាសា ស្នូកឃ័រ ៤ វិញ្ញាសា ប៊ីយ៉ាភូល ២ វិញ្ញាសា ដោយមានអត្តពលិក ដែលមានសក្តានុពល ២០ នាក់ មកពីបណ្តា រាជធានី-ខេត្ត ចំនួន៦ ធ្វើការប្រកួតប្រជែង។ ការប្រកួតខាងលើនេះ នឹងអាចស្វែងរក កីឡាករល្អ មកពីបណ្តារាជាធានី-ខេត្ត ជ្រើសរើសយកមកធ្វើការហ្វឹកហាត់ ពីគ្រូជំនាញ របស់សហព័ន្ធ ជាមួយក្រុមជម្រើសរើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិត អន្តរជាតិធំៗ ជាពិសេសស៊ីហ្គេម បន្តបន្ទាប់ ដើម្បីដណ្តើមមេដាយ និងមោទកភាពជូនជាតិ។

សម្រាប់កីឡាជាតិនេះដែរ សហព័ន្ធ បានត្រៀមទីតាំងចំនួន៣ គឺក្លិបដែលមានកម្រិតស្តង់ដារ ចំនួន២ និងសណ្ឋាគារធំមួយ ជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់ ពីមន្រ្តីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល របស់សហព័ន្ធ ដើម្បីឱ្យការប្រកួតនេះ ទទួលបានជោគជ័យ។ នេះ ជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ៉ា សុជាតិ។

លោកអគ្គលេខាធិការ ទទួលស្គាល់ថាៈ ទោះជាមានបញ្ហាប្រឈមខ្លះៗ របស់សហព័ន្ធ គឺកីឡាការិនី មិនមានចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិទេ តែក្នុងនាមសហព័ន្ធ និងជួសមុខឱ្យប្រធានសហព័ន្ធ យើងនឹងខិតខំប្រឹងប្រែង បណ្តុះបណ្តាលស្វែងរក និងលើកទឹកចិត្តឱ្យស្រ្តីចូលរួមលេង និងហ្វឹកហាត់កីឡាប៊ីយ៉ា និងស្នូកឃ័រ ឱ្យបានច្រើន​ដើម្បីស្វែងរកកីឡាការិនី តំណាងកម្ពុជា ធ្វើការប្រកួតកម្រិតអន្តរជាតិ ដូចកីឡាការិនី ស្រួង ភាវី ដែលបច្ចុប្បន្ន កំពុងប្រកបអាជីព នៅប្រទេសកូរ៉េខាងត្បូង និងជាជម្រើសជាតិផ្នែកនារី ដែលមានសក្តានុពល លើវិញ្ញាសាប៊ីយ៉ាការ៉ុម ត្រៀមដណ្តើមេដាយជូនកម្ពុជា នៅព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ារ៉ា សុជាតិ បានបន្តថាៈ បញ្ហាប្រឈមមួយទៀត ដោយសារថា បច្ចុប្បន្ន មានអ្នកលេងច្រើន តែមិនមានអ្នកចង់ធ្វើជាអាជ្ញាកណ្តាល ចៅក្រម នោះទេ គឺពិបាក ពួកគាត់ចង់តែលេងខ្លួនឯង តែចំពោះសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានត្រៀមលក្ខណៈរួចរាល់ ចំពោះអាជ្ញាកណ្តាល មន្រ្តីបច្ចេកទេស សម្រាប់ការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដោយគ្រោង
នឹងជ្រើសរើសពីតំណាងក្លិបទាំងអស់​ទូទាំងប្រទេស ពី ៤ នាក់ ទៅ ៦ នាក់ ដែលមានជំនាញ ផ្នែកកីឡាប៊ីយ៉ា និងចេះភាសា (បរទេស) ឱ្យចូលរួមវគ្គបណ្តុះបណ្តាល ពីគ្រូឧទ្ទេសអន្តរជាតិ មកពីសហព័ន្ធកីឡាប៊ីយ៉ាអាស៊ី ដើម្បីឱ្យសិក្ខាកាម ទទួលបានចំណេះជំនាញច្បាស់លាស់ ពីច្បាប់ និងនិយាមបច្ចេកទេស ពីការដាក់ពិន្ទុ ឱ្យបានត្រឹមត្រូវ លើវិញ្ញាសានីមួយៗ ជាពិសេស ទទួលបានវិញ្ញាបនបត្រ និងទទួលស្គាល់ជាកម្រិតអន្តរជាតិ។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២៣ គ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ លើ ៣៨ ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ ប្រភេទកីឡា ស្មើនឹង ៤០៥ វិញ្ញាសា នៅទីតាំង ៥ កន្លែងគឺ រាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តសៀមរាប នាពហុកីឡដ្ឋានមរតកតេជោ៕ V / N