ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក  វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោកស្រី នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ​ បានអញ្ជើញជា អធិបតីនៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន ៤០០ គ្រួសារ និងគ្រួសារ ជួបការលំបាក ១០០ គ្រួសារ សរុបចំនួន ៥០០ គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងពិធីនេះ​ លោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ បានមានប្រសាសន៍ថាៈ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកបានសម្ដែងនូវការ​ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​​​លោករដ្ឋមន្ត្រី ដែ​បានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចុះមកជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ​ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅតំបន់ផ្ទះ ៤០០ ខ្នង ស្មើនឹង ៤០០ គ្រួសារ និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០ គ្រួសារ នៅភូមិជីកដី នាពេលនេះ​ និងបានថ្លែងនូវ ការកោតសរសើរ និងការអរគុណចំពោះមន្ទីរ-អង្គភាពទាំងអស់ រួមទាំងអាជ្ញាធរស្រុក ឃុំ ក៏ដូចជាសមាគមអតីតយុទ្ធជនខេត្ត ស្រុក ដែលកន្លងម ​បានចូលរួមសហការតាមការចង្អុល ណែនាំ និងចាត់តាំងរបស់រដ្ឋបាលខេត្ត ក្នុងការចុះជួយឧបត្ថម្ភ និងផ្ដល់នូវកូនឈើ និងដំណាំហូបផ្លែ​ ដល់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេស កិច្ចគាំទ្រដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់នេះ បើទោះបីជាមិនទាន់បានឆ្លើយតប ១០០% ប៉ុន្តែក៏បាន ជួយសម្រួល ដល់ការរស់នៅរបស់បងប្អូន ដែលនេះជាចំណុចវិជ្ជមានមួយនាំឲ្យបងប្អូន បានមកស្នាក់នៅអចិន្ត្រៃ​យ៍ រហូតដល់ទៅ ២៩៦ គ្រួសារ និងស្នាក់នៅចេញ-ចូល មាន ១០៣ គ្រួសារ និងមានតែ ១គ្រួសារ ប៉ុណ្ណោះ ដែលមិនមករស់នៅ ហើយក៏បានប្រគល់ជូន មករដ្ឋវិញផងដែរ ។

នៅក្នុងឱកាសនោះដែរ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាមន្ត្រីដែលមានការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមចំណែក​ក្នុងការសហការ និងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល.ក្រសួង ក៏ដូចជា រដ្ឋបាលខេត្តស្វាយរៀង ដើម្បីសម្រេចបានលទ្ធផលល្អ ដូចយើងបានឃើញស្រាប់ នាពេលនេះ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថាៈ ចំពោះចំណុចសេសសល់ ពាក់ព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ ដែលនៅមានការខ្វះខាតនៅទីនេះ ខ្ញុំក៏សូមឲ្យអាជ្ញាធរ​ខេត្ត ស្រុក រួមទាំងមន្ទីរ-អង្គភាពជំនាញ សហការចុះពិនិត្យសិក្សា និងវាយតម្លៃជាក់ស្ដែង ដើម្បីរៀបចេញជាផែនការ បំពេញបន្ថែម ក្នុងនោះ ក៏សូមឲ្យមានការគិតគូរផងដែរ ពាក់ព័ន្ធនឹងសកម្មភាពគាំទ្រ ដល់ការបង្កើតមុខរបរ ឬក៏សកម្មភាពសេដ្ឋកិច្ចនៅទីនេះផ្ទាល់​តែម្ដង ដែលអាចឲ្យបងប្អូន មានឱកាសក្នុងការរកប្រាក់ចំណូល ផ្គត់ផ្គង់គ្រួសារ តាមរយៈការ​បង្កើតជាសហគមន៍ដាំដំណាំបន្លែសរីរាង្គ សម្រាប់ផ្គង់ផ្គង់ទីផ្សារ និ​សិប្បកម្ម ដែលធ្វើដោយដៃ ជាដើម ។

លោករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរកិច្ចការនារី និងមន្ទីរអភិវឌ្ឍន៍ជនបទ សហការរៀបចំជួយគាំទ្របងប្អូន លើការងារបណ្ដុះបណ្ដាលជំនាញ​ទាំងអស់នេះ ក៏ដូចជា ជួយរកទីផ្សារសម្រាប់លក់នូវ ផលិតផលដែលបងប្អូនផលិតបាន ។​ ទន្ទឹមនោះ ​សូមឲ្យអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់ បងប្អូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅទីនេះ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវ ការជូនបងប្អូន ឲ្យ​បានល្អប្រសើរ តួយ៉ាងនៅក្នុងប្រើប្រាស់ប័ណ្ណ ប.ស.ស. ​ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺ នៅ​តាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោល នយោបាយ គាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍ សម្រាប់បងប្អូនគ្រួសារអតីត យុទ្ធជន ។

លោកក៏បា​ន​សំណូមពរ ដល់បងប្អូនគ្រួសារអតីតយុទ្ធជន ដែលមិនទាន់បានមកស្នាក់នៅ អចិន្ត្រៃ​យ៍ អញ្ជើញមកស្នាក់នៅផ្ទះ ដែលបានប្រគល់​ជូនរួចហើយ ឲ្យបានជាប់លាប់ ព្រោះដោយហេតុថា នាពេលខាងមុខនេះ ក្រុមការងារជំនាញ ​នឹងចុះធ្វើការវាយតម្លៃ តាមនីតិវិធី មុននឹងឈានទៅចុះបញ្ជីដី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមគោលការណ៍ច្បាប់ ដែលបានកំណត់ ត្រូវចូលរួមជួយថែទាំទ្រព្យ​សម្បត្តិ​សាធារណៈ ដែលមាននៅទីនេះ ឲ្យបានគង់វង្ស ប្រើប្រាស់យូរអង្វែង និងសូមអញ្ជើញទ​ទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រមទាំងត្រូវយក​ចិត្តទុកដាក់​​ថែទាំសុខភាព និងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែប្រសើរ ហើយក្នុងករណីដែលមានការជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗ ត្រូវរួសរាន់លើកសំណើ ឬសំណូមពរ និងរាយការណ៍ ជូនអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បី​មានវិធាន ការដោះស្រាយឲ្យបានទាន់ពេលវេលា ។

ដោយឡែក អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ រួមមាន អង្ករ ២០គីឡូក្រាម​ មី១កេសត្រីខ១យួរ​ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ​ សាប៊ូលាងដៃ ២ដុំ​ និងថវិកា ១០០.០០០ រៀល៕ V / N