ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ តុលា នេះ ក្រុមបាល់ទះជម្រើសជាតិសឹង្ហបូរីបានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីប្រកួតជាមិត្តភាព ជាមួយក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៥ តុលា ខាងមុខនេះ។

ជាមួយនឹងការមកដល់នេះ លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ សិង្ហបុរី បានកោតសរសើរពីភាពរីកចម្រើន នៃវិស័យបាល់ទះកម្ពុជា ហើយបានចាត់ទុកកម្ពុជា ជាក្រុមលំដាប់កំពូល ក្នុងតំបន់ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក។ ការប្រកួតជាមិត្តភាពនេះ ដើម្បីអបអរសាទរ ពិធីបើកការប្រកួតដណ្ដើមពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២។

លោកអគ្គលេខាធិការ សហព័ន្ធបាល់ទះសឹង្ហបូរី រូបនេះ បានសម្ដែងនូវសេចក្ដីរីករាយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំឲ្យមានជំនួបមិត្តភាព អន្ដរជាតិ នេះឡើង ពិសេសការទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្ដៅ ហើយលោកសង្ឃឹមថា តាមរយៈការប្រកួត នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន​សម្រាប់ក្រុមខ្លួន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបានបន្ដថាៈ លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពល ចាប់ពីពេលនោះ មក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ។

លោកមានប្រសាសន៍ថាៈ កម្ពុជា ពិតជាបានអភិវឌ្ឍន៍វិស័យបាល់ទះ គឺបានល្អប្រសើរ ខ្លាំងមែនទែន។ នេះហើយបានជាយើង ចង់សាកថ្វីដៃ ជាមួយប្រទេសដែលខ្លាំង។
ជាមួយនឹងសក្ដានុពល​ នៃវិស័យបាល់ទះកម្ពុជានេះដែរ លោកបានសង្កត់ធ្ងន់ថាៈ លទ្ធផល គឺបានបង្ហាញយ៉ាងច្បាស់ នៅពេលកម្ពុជា អាចប្រកួតប្រជែងយកឈ្នះក្រុមជម្រើសជាតិ ថៃ (ស៊ីហ្គេម នៅវៀតណាម) ។ ខ្ញុំអាចសន្និដ្ឋានបានថា កម្ពុជា បច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល (TOP) ហើយ​ហើយលោកជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជា នឹងក្លាយជាប្រទេសមួយ ដ៏មានសក្ដានុពល ក្នុងវិស័យបាល់ទះ។

ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងសិង្ហបុរី នឹងធ្វើឡើង នាម៉ោង ៧យប់ ថ្ងៃទី១៥ ខែតុលា នៅសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនស៍។ ក្នុងនោះសហព័ន្ធ ក៏មានលក់សំបុត្រចូលទស្សនាផងដែរ ក្នុងតម្លៃ ៨ ពាន់រៀល។

ដោយឡែ ​នៅថ្ងៃទី២០ តុលា កម្ពុជា នឹងលេងមួយប្រកួតទៀត ជាមួយក្រុមជម្រើសជាតិ គុយបា។ ការប្រកួតនេះ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព ដកស្រង់បទពិសោធន៍ រឹតចំណងមិត្តភាពផង និងដើម្បីអបអរសាទរ ព្រឹត្តិការណ៍បាល់ទះដណ្ដើមពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន៕ V /N