ដោយ: ភ្នំខៀវ / បាត់ដំបងៈ ជំនន់ទឹកភ្លៀងដែលជន់ឡើងហូរកាត់លើស្ពានច្រកទ្វារព្រំដែន អន្តរជាតិដូង នៅព្រឹកថ្ងៃទី១៣ តុលានេះ បានស្រកចុះ ក្នុងកម្រិតធម្មតាវិញ ដោយឡែក រថយន្តដឹកទំនិញ គ្រប់ប្រភេទ បានចាប់ផ្តើមចរាចរណ៍វិញដែរ។

សមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថាៈ ដោយសារអាកាសធាតុ មេឃបើកថ្ងៃ ២-៣ ថ្ងៃចុងក្រោយ​នេះ បានធ្វើឲ្យទឹកជំនន់ ដែលហក់ឡើងខ្ពស់ ហូរកាត់លើស្ពានអន្តរជាតិដូង បានស្រកចុះ បណ្តើរៗវិញ ចាប់តាំងពីថ្ងៃទី១២ តុលា ម្សិលមិញ និងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ ទឹកអូរ ឋិតក្នុងសភាពធម្មតាឡើងវិញហើយ។

ប្រភពខាងលើ បានបន្តថាៈ យោងតាមស្ថានភាពជំនន់ទឹកភ្លៀង នៅត្រង់ចំណុចស្ពាន តំបន់ព្រំដែន ច្រកទ្វារអន្តរជាតិដូង បានធូរស្រាលឡើងវិញនេះ អាជ្ញាធរ ក៏ដូចជា មន្ត្រីពាក់ព័ន្ធនៅតំបន់នេះ បានបើកទូលាយឲ្យរថយន្តដឹកទំនិញ ទាំងធុនតូច និងធុនធំ គ្រប់ប្រភេទ ធ្វើចរាចរណ៍ចេញចូលឡើងវិញ ដូចធម្មតាវិញដែរ នាព្រឹកនេះ។

ស្ថានភាពទឹកអូរតំបន់ព្រំដែន ពិសេសនៅត្រង់ចំណុចស្ពានច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សភាពទឹក ឋិតនៅខាងក្រោមស្ពាន ក្នុងកម្ពស់ ២ ម៉ែត្រ នៅព្រឹកនេះ៕​ V/ N