សុក្ខារិនខេត្តពោធិសាត់ : នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួន៧ រួមមាន៖

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣ ឆ្នាំទី៤ អាណត្តទី៣ របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៣-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

៤-ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្តពោធិ៍សាត់

៥-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៦-បញ្ហាផ្សេងៗ

៧-ពិនិត្យ និងអនុម័ត ស្តីពីការតែងតាំងមន្ត្រីរាជការសាលាខេត្តពោធិ៍សាត់៕ N