ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកទឹកចិត្តឲ្យគណៈប្រតិភូ អាស៊ានទាំងអស់ដែលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ានលើកទី ២៨ នាពេលនេះខិតខំធ្វើយ៉ាងណាឲ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា ។

សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តបែបនេះទៅកាន់គណៈប្រតិភូរដ្ឋមន្ត្រីសហគមន៍សង្គមនិងវប្បធម៌អាស៊ាន ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជននិងកីឡា នៃប្រទេសព្រុយណេនៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នៅក្នុងជំនួបពិភាក្សាការងារមួយមុនកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌អាស៊ានលើកទី ២៨ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។

សម្ដេចតេជោបានបន្តថាអាស៊ានមានសរសស្តម្ភចំនួន ៣ គឺទី១. សរសស្តម្ភសន្តិសុខនយោបាយ, ទី២. សរសស្តម្ភសហគមន៍សេដ្ឋកិច្ច, និងទី៣. សរសស្តម្ភ សហគមន៍សង្គម វប្បធម៌ ។ សម្រាប់សរសស្តម្ភទី៣នេះគឺសមាជិកអាស៊ានទាំងអស់បាននិងកំពុងចូលរួមប្រជុំនាពេលនេះដោយសរសស្តម្ភនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ក្នុងន័យនេះសម្ដេចតេ ជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យគណៈប្រតិភូទាំងអស់ប្រឹងប្រែងធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិ បត្តិការហើយធ្វើយ៉ាងណាឲ្យកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម វប្បធម៌ អាស៊ានលើកទី ២៨ នាពេលនេះឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ៕