ដោយៈ បូកគោ / កែបៈ អាជ្ញាធរក្រុងកែប កំពុងរៀបចំសណ្តាប់ធ្នាប់ សម្រាប់ការលក់ដូរ របស់អាជីវករ នៅតំបន់ឆ្នេរកម្សាន្ត ដែលបានបំពានទីសាធារណៈ បំណងឲ្យមានភាពល្អ ប្រសើរឡើងវិញ។ កន្លងមក អាជីវករមួយចំនួនបានសង់ខ្យូស តសំយ៉ាប ដាក់ឆត្រ ក្រាលកន្ទេល ជួលឲ្យភ្ញៀវ និងលក់ដូរលើចិញ្ចើមផ្លូវ ក៏ដូចជា ដេញហៅភ្ញៀវ យ៉ាងប្រសេច ប្រសាចបំផុត។

លោកខេង យ័ន អភិបាលក្រុងកែប

លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថាៈ កន្លងមក ដោយសារភ្ញៀវទេសចរ មកលម្ហែកម្សាន្ត នៅតំបន់ឆ្នេរច្រើន ធ្វើឲ្យអាជីវករមួយចំនួន ឆ្លៀតឱកាសវាតយក ទីសាធារណៈ ដោយដាក់លក់ដូរ ឬជួលកន្លែងឲ្យភ្ញៀវអង្គុយ យ៉ាងអនាធិបតេយ្យបំផុត។ រូបភាពទាំងនោះ ដូចជា សង់ខ្យូស ដាក់ឆត្រ ក្រាលកន្ទេល តម្រៀបកៅអីនៅលើផ្លូវ បង្កការកកស្ទះចរាចរណ៍ រហូតបង្កឲ្យមានពាក្យរិះគន់ជាបន្តបន្ទាប់។

លោកអភិបាលក្រុង បានបន្តថាៈ ថ្មីៗនេះ ក្រុមការងារ បានជូនដំណឹងដល់អាជីវករ ឲ្យបញ្ឈប់រាល់សកម្មភាពអវិជ្ជមាន ទាំងនោះ ដោយត្រូវរុះរើគ្រប់សំណង់ មិនរៀបរយ កំណត់ត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ជាកំហិត។

លោក ខេង យ័ន បានបញ្ជាក់ទៀតថាៈ ក្រៅពីព្យាយាមលុបបំបាត់ការលក់ដូរ ដាក់ឆត្រ ក្រាលកន្ទេល ជួលកៅអីលើចិញ្ចឹមផ្លូវ និងទីសាធារណៈតាមតំបន់ឆ្នេរ រដ្ឋបាលក្រុង ក៏បានតម្រូវឲ្យអាជីវករ ជាម្ចាស់អាហារដ្ឋាន បញ្ឈប់ការរត់ដេញហៅភ្ញៀវតទៅទៀត។ សកម្មភាពទាំងនេះ មិនត្រឹមបាត់បង់សណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ពោលគឺ ងាយប្រឈមនឹង គ្រោះថ្នាក់ផងដែរ៕/V