​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ថា ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Sony Group Corp និង Honda Motor របស់​ជប៉ុន​នឹង​ចែកចាយ​រថយន្ត​អគ្គិសនី (EV)​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​នៅ​និទាឃ​រដូវ​ឆ្នាំ ២០២៦​។​

​លោក យ៉ា​ស៊ូ​ហ៊ី​ដេ មី​ហ្ស៊ូ​ណូ (Yasuhide Mizuno) ជា​ប្រធាន​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម និង​ជា​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​របស់ Honda បាន​និយាយថា រថយន្ត EV​ថ្មី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីផ្សារ​ជប៉ុន​​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ ២០២៦​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​យល់ព្រម​ជា​ផ្លូវការ​លើ​ការបង្កើត​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា ឈ្មោះ Sony Honda Mobility នៅក្នុង​ខែ​មិថុនា ដោយ​ពួកគេ​ម្នាក់ៗ​វិនិយោគ​ចំនួន ៥ ពាន់​លាន​យ៉េន (៣៤,០៥ លាន​ដុល្លារ​) ក្នុង​ការបណ្តាក់ទុន​ថ្មី​នេះ​។​

​ក្រុមហ៊ុន Honda កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពី​វិនិយោគិន​ក្នុងការ​ផលិត​រថយន្ត​ដែល​មិន​បញ្ចេញ​កាបូន​និង​បំពាក់​បច្ចេកវិជ្ជា​ថ្មីៗ ដូចជា​មុខងារ​បើកបរ​ដោយ​ខ្លួនឯង​ជា​ដើម​។ ដូច​គូប្រជែង​ធំ​ជាង​ខ្លួន Toyota Motor​ដែរ ក្រុមហ៊ុន​មាន​ភាពយឺតយ៉ាវ​ណាស់​ក្នុង​ការផ្លាស់ប្តូរ​រថយន្ត​ឥន្ធនៈ​របស់​ខ្លួន​ទៅ​ជា​អគ្គិសនី ដោយ​ផ្តល់​ជូន​រថយន្ត EV តែមួយគត់ ដែល​គេ​ស្គាល់​ថា Honda e៕

​ក្រុមហ៊ុន Sony Honda Mobility នឹង​ចែកចាយ​រថយន្ត​អគ្គិសនី (EV) ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក​នៅ​និទាឃ​រដូវ​ឆ្នាំ ២០២៦