ដោយៈ ប​.​ខុន​/​ភ្នំពេញៈ សម្ពាធ​ទាប​សកម្ម (Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភាគ​ខាងកើត​ក្រុង​ហូជីមិញ​បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ (D) បន្តដំណើរ​ទៅរក​ឆ្នេរ​ក្រោម​ភាគ កណ្តា ល​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៤ ខែតុលា បន្ទាប់ពី​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​ជា​កូន​ព្យុះ​មួយរយៈ​ខ្លី​ក៏​រលាយ​ទៅវិញ​នៅលើ​ឆ្នេរ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២២ ថា សម្ពាធ​ទាប​សកម្ម (Active low) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភាគ​ខាងកើត​ក្រុង​ហូជីមិញ​ពេលនេះ​បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ (D) ហើយ​បន្តដំណើរ​ទៅរក​ឆ្នេរ​ក្រោម​ភាគ កណ្តា ល​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​១៤ ខែតុលា បន្ទាប់ពី​បង្កើន​ឥទ្ធិពល​ដល់​កម្រិត​ជា​កូន​ព្យុះ​រួច​ក៏​រលាយ​ទៅវិញ​នៅលើ​ឆ្នេរ​។​


អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​បាតុភូត​នេះ​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លះៗ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ចាប់ពី​ខេត្តកំពង់ធំ​ទៅ​ភាគ​ខាងជើង (​តំបន់​ខ្ពង់រាប​និង​ទំនាប​កណ្តាល​ភាគ​ពាយព្យ​) និង​មាន​ភ្លៀង​កម្រិត​ពី​តិច​ទៅ​មធ្យម​នៅ​ភាគខាងត្បូង​។ ភ្លៀង​ចាប់ផ្តើម​មាន​ធ្លាក់​រាយប៉ាយ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែតុលា​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២២ បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ខែតុលា ថា​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ។ តែ​នៅ​ប៉ែក​ខាងក្រោម​(​ត្បូង​)​ទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​ខ្សោយ ដែល​អូសបន្លាយ​កាត់​លើ​ចុង​ខាងត្បូង​នៃ​ដីសណ្ត​មេគង្គ​ធ្វើឱ្យ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ​(​ជើង​)​និង​ភាគ​ពាយ័ព្យ​មាន​ភ្លៀង​នៅក្នុង​កម្រិត​តិចតួច តែ​នៅ​រាជធានី​និង​បណ្តា​ខេត្ត​ភាគ​ខាងក្រោម​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ​។​
ក្នុង​សេចក្តីជូនដំណឹង​បាន​សរសេរ​ទៀតថា​ស្ថានភាព​បែប​ខាងលើ​ធ្វើឱ្យ​បណ្តា​ខេត្ត​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​បណ្តា​ខេត្ត​នៅ​ភាគ​ខាងជើង​និង​ភាគ​ពាយ័ព្យ​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​តិចតួច​។​ដោយឡែក​រាជធានី​និង បណ្តា​ខេត្ត​ភាគខាងត្បូង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ​។​

​សម្រាប់​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១​ទៅ​២៣​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣០​ទៅ​៣២​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​តិចតួច លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ​។​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ខ្សោយ​៕​