​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សាក​ស្រមៃ​អំពី​ការ​ចំណាយពេល​ប្រាំមួយ​ខែ​នៅ​ក្នុង​មន្ទីរពិសោធន៍​ក្រោម​ទឹក​ជម្រៅ ១០ ម៉ែត្រ​នៅ​ក្រោម​ផ្ទៃ​មហាសមុទ្រ​ទឹក​កកអាក់​ទិក​។​

​ស្តាប់​ទៅ​គួរឱ្យខ្លាច​?

​មែន​ហើយ នោះ​គឺជា​អ្វី​ដែល​អ្នក​ផ្សងព្រេង​ជនជាតិ​បារាំង ឈ្មោះ អាល់​បន មី​សុន (Alban Michon) គ្រោង​នឹង​ធ្វើ ប្រសិនបើ​គាត់​អាច​ទទួលបាន​មូលនិធិ​ចំនួន ១៤ លាន​អឺរ៉ូ​ទាន់​ពេល​សម្រាប់​​ការចាប់ផ្តើម​គម្រោង​នេះ​នៅ​ឆ្នាំ ២០២៥​។​

​បុរស​វ័យ ៤៥ ឆ្នាំ​រូប​នេះ​សង្ឃឹមថា មូលដ្ឋាន​ស្រាវជ្រាវ​មហាសមុទ្រ​និង​លំហ​ច្នៃប្រឌិត​ថ្មី​របស់​គាត់​នឹង​អនុញ្ញាត​ឱ្យ​អ្នកវិទ្យាសាស្ត្រ​យល់​កាន់តែ​ច្បាស់​ពី​ផលប៉ះពាល់​នៃ​ការឡើង​កម្តៅ​ផែនដី​មកលើ​តំបន់​។​

​គាត់​ក៏​សង្ឃឹម​ដែរ​ថា​នឹង​ទទួលបាន​ទស្សនវិស័យ​ថ្មី​អំពី​មហាសមុទ្រ ដោយ​ដើរ​តាម​គន្លង​របស់​វីរបុរស​របស់គាត់ គឺ​លោក ហ្សាក់​គីស គូ​ស្តូ (Jacques-Yves Cousteau)​ដែលជា​អ្នក​ស្រាវជ្រាវ​ផ្នែក​មហា​​សមុទ្រ​ស្លាប់ទៅ​។​

​ក្នុង​ឆ្នាំ ១៩៦៥ លោក​គូ​ស្តូបា​ន​បង្កើត​មូលដ្ឋាន​ក្រោម​ទឹក​មួយ​នៅ​សង់​ហ្សង់​គែប​ហ្វៀ​រ៉ាត (Saint-Jean-Cap-Ferrat) ក្នុង​ប្រទេស​បារាំង កន្លែង​ដែល​អ្នករុករក​សមុទ្រ​រូបនេះ​រស់នៅ​បាន​មួយ​ខែ​។​

​លោក​មី​សុន​បាន​ប្រាប់​កាសែត Times ថា “​ដោយសារ​ការវិវត្ត​នៃ​បច្ចេកវិជ្ជា​ថ្មីៗ យើង​កំពុង​បន្ត​នូវ​សន្ទុះ​របស់​មេ​បញ្ជាការ​គូ​ស្តូ​”​។​

​មូលដ្ឋាន​ស្រាវជ្រាវ​មហាសមុទ្រ​និង​លំហ​ច្នៃប្រឌិត​ថ្មី​នឹង​មាន​បណ្តោយ ២៤ ម៉ែត្រ និង​ទទឹង ២,៣ ម៉ែត្រ ហើយ​នឹង​បង្ហាញ​ទិដ្ឋភាព​ទេសភាព​សមុទ្រ​លាតសន្ធឹង​ពេញ​ផ្នែក​ខាង​មុខ​របស់​វា​។​

​ទោះបីជា​ទីតាំង​ពិតប្រាកដ​សម្រាប់​វា​នៅ​មិនទាន់​ត្រូវបាន​កំណត់​ក៏ដោយ ក៏ប៉ុន្តែ​បន្ទប់ពិសោធន៍​នេះ​នឹង​ត្រូវ​បាន​ដាក់​ចុះ​ក្រោម​ទឹក​ជម្រៅ ១០​ម៉ែត្រ​ខាងក្រោម​ផ្ទៃសមុទ្រ​មុនពេល​ទឹកកក​ចាប់ផ្តើម​​កកើត​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​។​

​លោក​មី​សុន​បាន​បន្ថែមថា “​បន្ទាប់​ពី​ប្រាំ​មួយខែ វា​នឹង​ចាប់ផ្តើម​រលាយ​។ អ្វី​ដែល​យើង​ចង់​ធ្វើ​គឺ​ចំណាយពេល​ស្ទើរ​ពេញ​មួយ​រដូវរងា​នៅក្រោម​សមុទ្រ​ទឹកកក​”​។​

​លោក​បាន​និយាយថា វា​នឹង​អនុញ្ញាត​ឱ្យ​អ្នកវិទ្យាសាស្ត្រ​មើល​ឃើញ​ផ្ទាល់​នូវ “​បរិយាកាស​ដូច​ទារក​នៅ​ក្នុង​ពោះ​ម្តាយ​របស់​វា​”​។​

​លោក​បាន​ពន្យល់ថា “​ពួក​យើង​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​រស់នៅ​ក្នុង​បេះដូង​នៃ​មហាសមុទ្រ​អា​ក់ទិក​”​។​

​បេសកកម្ម​រយៈពេល​ប្រាំ​មួយខែ ដែល​មានឈ្មោះ​ថា បេសកកម្ម យូ​ឌី​សៀ​(Biodysseus) នឹង​ពាក់ព័ន្ធ​លោក​មី​សុន​និង​ក្រុម​របស់​គាត់​សាកល្បង​បច្ចេកវិជ្ជា​ទំនើបៗ ខណៈ​រស់នៅ​ដោយ​ប្រើប្រាស់​ខ្យល់ ទឹក និង​ថាមពល​ដែល​កែច្នៃ​ឡើងវិញ​។​

​លោក​មី​សុន​បាន​សរសេរ​លើ​វេបសាយ​របស់​គាត់​ថា “​បេសកកម្ម Biodysseus គឺ​ជា​បេសកកម្ម​ដំបូង​លើ​ពិភពលោក​។ ជាមួយនឹង​ក្រុម​របស់​ខ្ញុំ​យើង​នឹង​រស់នៅ​ដោយ​បង្ខាំង​ជិតឈឹង​រយៈពេល​ជា​​ច្រើន​ខែ​នៅក្រោម​មហាសមុទ្រ​អា​ក់ទិក​”​។​

“​ដោយសារ​តំបន់​អាក់ទិ​កឡើង​កម្តៅ​លឿនជាង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក​ដល់​ទៅ​បួន​ដង​ដូច្នេះហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​ដំណើរ​ផ្សងព្រេង​និង​បង្កើត​មូលដ្ឋាន​ស្រាវជ្រាវ​មហាសមុទ្រ​និង​លំហ​​ក្រោម​ទឹក​ដំបូងបង្អស់ ដែល​ឧទ្ទិស​ដល់​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​”៕

លោក អាល់​បន មី​សុន សង្ឃឹម​ចុះ​ទៅ​រស់នៅ​ក្រោម​សមុទ្រ ៦ ខែ ដូច​វីរបុរស​របស់គាត់​ឈ្មោះ ហ្សាក់​គីស គូ​ស្តូ

​គំរូ​បន្ទប់ពិសោធន៍​ក្រោយ​ទឹក​របស់​លោក​មី​សុន​