​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា តំបន់​រដ្ឋធានី​របស់​អ៊ុយ​ក្រែន​ត្រូវ​បាន​វាយប្រហា​រដោ​យ​ដ្រូ​ន Kamikaze​ផលិត​ដោយ​អ៊ីរ៉ង់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​តុលា​ជាហេតុ​​នាំ​ឱ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រញាប់ប្រញាល់​ទៅ​កាន់​កន្លែងកើតហេតុ ស្រប​ពេល​អ្នកស្រុក​ភ្ញាក់ពីដេក​ជាមួយ​សំឡេង​សា​រ៉ែ​ន​ព្រមាន​អំពី​ការវាយប្រហារ​តាម​អាកាស​សម្រាប់​ព្រឹក​ទី​បួន​ជាប់ៗ​គ្នា​បន្ទាប់ពី​​ការវាយលុក​ទ្រង់ទ្រាយ​ធំ​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​កាលពី​ដើម​សប្តាហ៍​នេះ​។

​អភិបាល​តំបន់​ក្រុង​គៀវ​លោក អូ​ឡិ​កសី គូ​ឡេ​បា (Oleksiy Kuleba)​បាន​និយាយថា ការវាយប្រហារ​បាន​កើត​ឡើង​នៅក្នុង​តំបន់​ជុំវិញ​រដ្ឋធានី​។ គេ​នៅ​មិនទាន់​ដឹង​ថា​មាន​អ្នកស្លាប់​ឬ​អត់​នោះទេ​។​

​អនុប្រធាន​ការិយាល័យ​ប្រធានាធិបតី លោក គី​រី​ឡូ ធី​ម៉ូ​សិន​កូ (Kyrylo Tymoshenko)​បាន​និយាយ​នៅលើ Telegram ថា “​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​” នៅក្នុង​តំបន់​នេះ​ត្រូវបាន​វាយប្រហារ តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​កន្លែង​ណា​នោះ​ទេ​។​

​នៅ​ទីក្រុង​មី​កូឡាអ៊ីវ (Mykolaiv) ភាគខាងត្បូង ការបាញ់​ផ្លោង​ពេញ​មួយ​យប់​បាន​បំផ្លាញ​អគារ​ផ្ទះល្វែង​ប្រាំ​ជាន់​មួយ​ខ្នង​ខណៈ​ការប្រយុទ្ធ​នៅតែ​បន្ត​នៅតាម​បណ្តោយ​ខ្សែត្រៀម​ជួរ​មុខ​នៅ​ភាគ​ខាង​​ត្បូង​ប្រទេស​អ៊ុ​យក្រែន​។​

​អភិបាល​តំបន់​មី​កូឡាអ៊ីវ លោក វី​តា​លី គីម (Vitali Kim)​បាន​និយាយថា ក្មេងប្រុស​អាយុ ១១ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ក្រោម​គំនរ​បាក់បែក កន្លែង​ដែល​រូបគេ​បាន​ចំណាយ​ពេល​ក្រោម​នោះ ៦ ម៉ោង ហើយ​អ្នក​ជួយ​សង្គ្រោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​កំពុង​ស្វែងរក​មនុស្ស​ប្រាំពីរ​នាក់​ថែមទៀត​។​

​លោក​បាន​និយាយថា អគារ​នេះ​ត្រូវ​បាន​វាយប្រហារ​ដោយ​មី​ស៊ី​ល S-300 ដែល​ជា​ធម្មតា​ត្រូវបាន​ប្រើ​សម្រាប់​វាយប្រហារ​លើ​យន្តហោះ​យោធា​ប៉ុន្តែ​ជាក់ស្តែង​រុស្ស៊ី​បាន​កំពុង​ប្រើ​វា​កាន់តែ​ច្រើនឡើង​សម្រាប់​​ការវាយប្រហារ​លើ​ដីគោក​៕

តំបន់​ទីក្រុង​គៀវ​រង​ការវាយប្រហារ​ដោយ​ដ្រូ​ន Kamikaze នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ