ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល ពិនិត្យឃើញមានការចែកចាយ និងលក់វ៉ាក់សាំងឈ្មោះ Abhayrab គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ស្រដៀងវ៉ាក់សាំង Abhayrab មានលេខបញ្ជិកា CAM R2 4354 IV-08 ដែលចែកចាយដោយក្រុមហ៊ុន DP PHAMAR Co., LTD ។ នេះបើយោងតាម សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលចេញផ្សាយនៅថ្ងៃនេះ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់វ៉ាក់សាំង ដែលគ្មានលេខបញ្ជិកា ខាងលើ ជាបន្តទៀត ព្រោះវ៉ាក់សាំងនេះ មិនអាចធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជា វ៉ាក់សាំងក្លែងក្លាយ បណ្ដាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ជិកា ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់វ៉ាក់សាំង ខាងលើនេះ ជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះជនណា ចែកចាយ ឬលក់វ៉ាក់សាំងគ្មានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕/V-PC