ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជាកំពុងរៀបចំគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលឋិតក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ព្រំដែនកម្ពុជា-វៀតណាម។ គម្រោងនេះ ស្ថិតក្នុងក្របខណ្ឌជំនួយអភិវឌ្ឍន៍ ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ (ODA) ដែលត្រូវចំណាយពេលវេលា សម្រាប់សិក្សា លទ្ធភាព ប្រមាណ ២៤ ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាៈ គម្រោងនេះ ផ្តោតលើការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ សំណង់បរិក្ខារ បម្រើឱ្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្នុងនោះ រួមមាន ការិយាល័យអន្តោប្រវេសន៍ ការិយាល័យគ្រប់គ្រងច្រក អគារសម្រាប់ភ្ញៀវទេសចរ កន្លែងផលិតថាមពល អន្តេវាសិកដ្ឋាន និងទីធ្លាសម្រាប់កុងតឺន័រ ជាដើម។

ប្រភពដដែលនេះ បានឱ្យដឹងថាៈ ភាគីកម្ពុជា និងកូរ៉េ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា-វៀតណាម ជាពិសេស ច្រកទ្វារអន្តរជាតិត្រពាំងស្រែ ធ្វើឱ្យប្រសើរឡើងដល់ការប្រកួតប្រជែងតម្លៃ នៃការដឹកជញ្ជូន ជំរុញការធ្វើទំនើបកម្មផ្នែកភ័ស្តុភាកម្ម ឱ្យសម្រេ​បាននូវគោ​ដៅ​អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន ក្នុងតំបន់ផងដែរ។

គួររម្លឹកថា ទាក់ទងនឹងគម្រោងនេះ កាលពីថ្ងៃទី១២ ខែតុលា ភាគីកម្ពុជា និងកូរ៉េ បានរៀបចំ សិក្ខាសាលាមួយ ស្តីពីការរៀបចំគម្រោងផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម ក្រោមវត្តមានលោក ឈៀង ពេជ្រ អគ្គនាយកនៃ អគ្គនាយកដ្ឋានភស្តុភាកម្ម និងលោក Yoo Han-Jun ទីប្រឹក្សាជាន់ខ្ពស់ តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគម្រោងប្រមាណ ៥០ រូប ៕/V-PC