ដោយៈប.ខុន / ភ្នំពេញៈ កន្ទុយទ្វារអាងទឹកពាមល្វា អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលទឹកហូរច្រោះដាច់ បន្ទាប់ពីមានភ្លៀងធ្លាក់ដល់ ១០០ មីលីម៉ែត្រ កាលពីថ្ងៃទី៩ ខែតុលា នោះ ពេលនេះ គេបានធ្វើការជួសជុលឡើងវិញ ជាបណ្តោះអាសន្នរួចហើយ ដើម្បីរក្សាទឹកទុក និងបានបំពាក់អំពូលសូឡាបំភ្លឺ លើសំណង់ទ្វារទឹកទាំងអស់ ដើម្បីងាយស្រួលសម្រាប់បម្រើកាងារ បិទ បើក ទ្វារទឹកនៅពេលយប់។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថាៈ កន្ទុយនៃត្រចៀកទ្វារអាង ទឹកត្រពាំងល្វា អូរតោង ដែលទឹកហូរច្រោះដាច់ កាលពីថ្ងៃទី៩ ខែតុលា នោះ ដោយមានកិច្ចសហការ រវាងនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានធ្វើការជួសជុលរួចហើយ នៅថ្ងៃនេះ ដើម្បីរក្សាទឹកទុក និងបានបំពាក់អំពូលសូឡាបំភ្លឺ លើសំណង់ទ្វារទឹកទាំងអស់ ងាយស្រួលសម្រាប់បម្រើការងារបិទបើក ទ្វារទឹកនៅពេលយប់។

លោកប្រធានមន្ទីរ ដែលគេដឹងថា កន្លងទៅ បានធ្វើការគ្រប់គ្រងអាងទឹក នៅក្នុងខេត្តកំពង់ស្ពឺ យ៉ាងត្រឹមត្រូវ តាមបច្ចេកទេស បាននិយាយឱ្យដឹងទៀតថាៈ គ្រប់អាងទឺក តូចធំ នៅក្នុងខេត្តកំពង់ស្ពឺ ពេលនេះ មានទឹកពេញទាំងអស់ អាងខ្លះបានបិទ ទ្វារទឹក និងអាងខ្លះ ដែលមានទឹកលើសកម្រិតរក្សាទុក នៅបើកបង្ហូរទឹកចោល។ ចំពោះអាងត្រពាំងល្វា អូរតោង នេះ មានសមត្ថភាពរក្សទឹកទុកបាន ប្រមាណជា ២០ លានម៉ែត្រគូប។

អាងទឹកពាមល្វា អូរតោង មានទឹកហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់កម្រិង ជាង ១០០ មីលីម៉ែត្រ នៅផ្ទៃរងទឹកភ្លៀងរបស់អាង ព្រមពេលជាមួយគ្នានោះ មានត្រឹប អណ្តែត មកបាំងទ្វារទឹកថែមទៀត នាំឱ្យទឹកកើនឡើងខ្លាំង រកកលហៀរហូរលើខ្នងទំនប់ តែពេលនោះ ក្រុមការងារ បានជួយអន្តរាគមន៍ បើកទ្វារទឹក ធ្វើឱ្យទឹកចាប់ផ្តើមស្រកវិញ ទើបទំនប់នេះ រួចផុតពីការបាក់ដាច់៕/V